Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។

ការណែនាំបែបនេះរបស់ឯកឧត្ដមបានធ្វើឡើងនារសៀលថ្ងៃទី០៦ មករា ២០២៦នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានលើកឡើងទៀតថា៖ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរហើយ តែយើងមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរិតបណ្តឹងជាប់ជាប្រចាំ។ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូចនិងទ្រុងទ្រាយធំ។ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលរាជធានីបានបន្ថែមទៀតថា៖ឥឡូវនេះ ផ្លូវថ្មើជើងចតុមុខ ទទួលបានជោគជ័យយ៉ាងធំធេងសំរាប់រាជធានីភ្នំពេញទៅតាមការចង្អុលណែនាំពីសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ ការទទួលបានភាពជោគជ័យនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនិងអាជ្ញាធររបស់យើងទាំងអស់គ្នា ហើយពិសេសថែមទៀតនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ។ផ្លូវថ្មើជើងចតុមុខ បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ក្នុងចំណោម២០ប្រទេសលើពីភពលោក។ បន្ថែមពីនេះ សំរាប់ការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករាស្អែកនេះ ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ បំផុសចលនាប្រជាពលរដ្ឋឱ្យដាក់ទង់ជាតិ និងសំអាតបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ស្អាត។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាស្មុកស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះដើម្បីឆបោកជនរងគ្រោះដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា៖ ពាក់ព័ន្ធនិង (ONLINE SCAMS)នេះ កម្លាំងមានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍បង្រ្កាបជាប្រចាំ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×