ពោធិ៍សាត់ ៖ ក្រុមអ្នកដើរកម្សាន្តមួយក្រុមមានគ្នា ៧នាក់ បានចេញពីតំបន់លេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ ដោយបន្តគោលដៅត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែពួកគេបានបើករថយន្តក្នុងល្បឿនលឿន លុះដល់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុ.កដើមត្នោតបណ្តាលឱ្យក្រឡាប់ ស្លា.ប់មនុស្សម្នាក់ និងរងរបួសធ្ងន់ ៥នាក់ (ក្នុងនោះ ស្រី៤នាក់)។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីសុខភាពខ្លួនឯងនេះ បានកើតឡើង នាវេលាម៉ោង ០៣ និង ០០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាក TOYOTA HILUX VIGO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-2368 បើកបរដោយឈ្មោះ យិន សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ (មិនរងរបួស)។
លោក យិន សុភ័ក្ត្ អ្នកបើកបររថយន្តខាងលើ បាននិយាយឲ្យដឹងថា រថយន្តនេះផ្ទុកមនុស្ស ៧នាក់, ពួកគេបានធ្វើដំណើរមកពីលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់, ក្រោយពេលបញ្ចប់ការលេងកម្សាន្ត ក៏ត្រូវត្រឡប់ទៅកាន់លំនៅឋានវិញ លុះមកដល់ចំណុចកើតហេតុ (ផ្លូវកោង) មិនបានប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកដើមត្នោតបណ្ដាលឱ្យក្រឡាប់រថយន្តតែម្តង ធ្វើឱ្យអ្នករួមដំណើរនៅលើរថយន្ត ស្លា.ប់ម្នាក់ (ប្រុស) និងរងរបួសធ្ងន់៥នាក់ (ក្នុងនោះស្រី៤នាក់), ចំណែករូបខ្លួនអ្នកបើកបរ បែរជាមិនមានរងរបួសអ្វីទៅវិញ មិនដឹងជាសំណាង ឬយ៉ាងណានោះទេ?

អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរនេះ រួមមាន ÷
១- ឈ្មោះ ថោង ពឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ,
២- ឈ្មោះ សៀវ លេខ ភេទស្រី អាយុ២៥ឆ្នាំ ខ្មែររស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់,
៣- ឈ្មោះ ទូច ស៊ីវម៉េង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់,
៤- ឈ្មោះ ផាត ស្រីនីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបូសធ្ងន់,
៥- ឈ្មោះ រស្មី ម៉ារ៉ាឌី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់,
៦- ឈ្មោះ រស្មី ស៊ាវីត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ជាអ្នករួមដំណើរ រងរបួសធ្ងន់, និង
៧- ឈ្មោះ យិន សុភ័ក្ត្ អ្នកបើកបររថយន្តខាងលើ មិនមានរងរបួស។
សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យមើល រកឃើញថា មូលហេតុ ដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺដោយសារអ្នកបើកបរ បើកក្នុងស្ថានភាពល្បឿនលឿន ដល់ផ្លូវកោង.មិនប្រយ័ត្ន ក៏ជ្រុលធ្លាក់ផ្លូវបណ្ដាលឲ្យទៅជាដូច្នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


