Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ រំពឹងភ្ញៀវទេសចរចិន សម្រុកចូលមកក្នុងប្រទេសរបស់ខ្លួន នៅចុងឆ្នាំនេះ

រាជធានីបាងកក៖ ក្រោយពេលខាតបង់ប្រាក់ចំណូលប្រហែល៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅក្នុងវិស័យទេសចរណ៍ បង្កឡើង ដោយជំងឺកូវីដ-១៩នោះមក អាជ្ញាធរថៃ មានក្ដីរំពឹងឡើងវិញថា អ្នកទេសចរចិន នឹងសម្រុកចូលមកកាន់ប្រទេសរបស់ខ្លួន ហើយក៏ជាឱកាសល្អ សម្រាប់ប្រមូលប្រាក់ចំណូល ពីវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ ផងដែរ។

សារព័ត៌មាន The Thaiger បានផ្សាយថា លោក វិចិត ប្រាកូបហ្គូសូល (Vichit Prakobgosol) អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃបើកប្រទេសឡើងវិញទាំងស្រុង នៅត្រឹមត្រីមាសទី២ នាឆ្នាំ២០២២នេះ ព្រះរាជាណាចក្រអាស៊ានមួយនេះ អាចនឹងទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ យ៉ាងតិច៥លាននាក់ នៅត្រឹមពាក់កណ្ដាល ឆ្នាំ២០២២។ មួយវិញទៀត បើប្រទេសចិនលែងរឹតបន្តឹងដល់ការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់ពលរដ្ឋខ្លួននោះ អ្នកទេសចរអន្តរជាតិ នឹងមកកាន់ប្រទេសថៃ កាន់តែច្រើនឡើង ហើយចំនួនអ្នកទេសចរ អាចនឹងកើនឡើង ចន្លោះពី៧-៨លាននាក់ នៅចុងឆ្នាំនេះ។

មុនពេលផ្ទុះឡើង នៃជំងឺកូវីដ-១៩នេះ អ្នកទេសចរចិន បានកើនឡើង ចន្លោះពី២៥-៣០ភាគរយ នៅក្នុងចំណោមអ្នកចូលមកដើរលេងកម្សាន្ដ នៅក្នុងប្រទេសថៃ។ ប្រទេសថៃ កាលពីឆ្នាំ២០១៩ បានទទួលភ្ញៀវទេសចរបរទេស សរុប ជិត៤០លាននាក់។ ប៉ុន្ដែនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលថៃ បានរាយការណ៍ថា ប្រទេសអាស៊ានមួយនេះ បានបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ប្រហែល៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោក វិចិត ប្រាកូបហ្គូសូល (Vichit Prakobgosol) អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានបន្ថែមថា ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ នៅក្នុងប្រទេសចិន គឺ ចន្លោះពីថ្ងៃទី១-៧ ខែតុលា។ ដូច្នេះ ប្រជាពលរដ្ឋចិន នឹងមកដើរលេងកម្សាន្ដប្រទេសថៃបាន ចំពេលព្រះរាជាណាចក្រអាស៊ានមួយនេះ បើកដំណើរការប្រទេសឡើងវិញឲ្យឆាប់ៗបំផុតនោះ ក៏ជាឱកាសកាន់តែល្អបំផុត នៅក្នុងការរក្សាបាននូវគោលដៅទេសចរណ៍ដ៏ល្បីល្បាញទាំងនេះ។

លោក វិចិត ប្រាកូបហ្គូសូល (Vichit Prakobgosol) អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានព្យាករថា ថៃនឹងទាញយកភ្ញៀវទេសចរ មកវិញ បានចំនួន៧០ភាគរយ ក្នុងចំណោមអ្នកដើរកម្សាន្ដរបស់ខ្លួនមុនការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅឆ្នាំក្រោយ និង ទាក់ទាញភ្ញៀវទេសចរបាន១០០ភាគរយ នៅក្នុងឆ្នាំ២០២៤។

លោកអនុប្រធាន បានកត់សម្គាល់ឃើញថា ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩នោះមក ភ្ញៀវទេសចរបានធ្វើដំណើរជាក្រុមតូចៗ ហើយបានផ្តោត លើសកម្មភាពលំហែកាយ កាន់តែច្រើន និង ចំណាយពេលច្រើន នៅក្នុងសណ្ឋាគារ។

ប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ បានឈ្នះពានរង្វាន់មួយជាមួយនឹងទស្សនាវដ្ដីធ្វើដំណើររបស់ចិន សម្រាប់ «ទិសដៅធ្វើដំណើរទៅបរទេសដ៏ពេញនិយមបំផុត នៅក្នុងឆ្នាំ២០២១»។ ជាមួយគ្នានេះដែរ ប្រទេសចិន ក៏បានផ្តល់រង្វាន់ដល់អាជ្ញាធរទេសចរណ៍ថៃ ក្រោមប្រធានបទ «ដៃគូល្អបំផុត» និង «ដៃគូល្អ» ផងដែរ។ ពានរង្វាន់ទាំងនេះ គឺសម្រាប់ទីផ្សារ និង ការគាំទ្រឧស្សាហកម្មរបស់ថៃ ផងដែរ។ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបាត់បង់តំណែងជាគោលដៅទេសចរណ៍កំពូលរបស់ខ្លួន សម្រាប់ភ្ញៀវទេសចរចិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×