Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត អ៉ិន ចាន់នី ប្រាប់អ្នកវិនិយោគជប៉ុនថា ឥឡូវនេះជាពេលវេលាដ៏ល្អ សម្រាប់ការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការជាមួយសមាគមជប៉ុនកម្ពុជា (JCA) រៀបចំវេទិកាជាលើកទី​២ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាមួយពាណិជ្ជករកម្ពុជា និងជប៉ុន ដើម្បីស្វែងរកដៃគូវិនិយោគទៅវិញទៅមក ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ។​

វេទិកាផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក្រុមអ្នកវិនិយោគជប៉ុនទាំង២៤​ ក្រុមហ៊ុនរួមមាន ការអភិវឌ្ឍន៍លំនៅ​ឋាន, សុខាភិបាល កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្ម ជាដើម បានជួបជាមួយក្រុមហ៊ុនចម្រុះវិស័យ​របស់កម្ពុជាចំនួន ២៩ក្រុមហ៊ុន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ឈានដល់ការធ្វើពាណិជ្ជកម្មរួមគ្នា។

ចំណែកលោក Takahashi, Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុនចំនួន ២៤ក្រុមហ៊ុន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងប្រាប់វិនិយោគិនជប៉ុន​ថា ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាលំដាប់ពិភពលោក ដែលគ្រប់គ្រងកូវីដ១៩បានល្អ ហើយសេដ្ឋកិច្ច មានភាពធន់។ ឥឡូវនេះ ប្រជាជនអាចធ្វើដំណើរដោយសេរី សកម្មភាពសេដ្ឋកិច្ចកំពុងវិលទៅរកភាពធម្មតាវិញ ជាបណ្តើរៗ ឥឡូវនេះជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។

លោកបណ្ឌិត បន្តថា កម្ពុជាជាប្រទេសសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧.៨% មុនជំងឺរាតត្បាត ហើយត្រូវបានព្យាករណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ីថា នឹងស្ថិតក្នុងរង្វង់ ៥.៣% ក្នុងឆ្នាំ ២០២២ និង ៦.៥% នៅឆ្នាំ ២០២៣។ មូលដ្ឋានសម្រាប់សុទិដ្ឋិនិយមសម្រាប់កម្ពុជា គឺជាមួយនឹងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងអត្រាឆ្លងទាប ដូច្នេះប្រទេសអាចបើកព្រំដែន ប្រកបដោយសុវត្ថិភាព ដល់អ្នកដំណើរអន្តរជាតិ។​

លោកបណ្ឌិត អ៉ិន ចាន់នី បន្តថា «ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុននេះ នឹងទទួលបានជោគ​ជ័យខ្ពស់។ ទំនាក់ទំនងរវាងវិនិយោគិនក្នុងស្រុក និងបរទេសនឹងត្រូវបានបង្កើតឡើង។ ឱកាសវិនិយោគនឹងត្រូវបានកំណត់។ ចំណេះដឹង និងបទពិសោធន៍នឹងត្រូវបានចែករំលែក។ ទាំងអស់នេះនឹងនាំឱ្យទំនាក់ទំនងពាណិជ្ជ​កម្មកាន់តែមានភាពសកម្មរវាងកម្ពុជា និងជប៉ុន»។

ជាមួយគ្នានេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន​ ក៏បានកើនឡើងជាបន្តបន្ទាប់។ ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុន មានទឹកប្រាក់ ៤៨០ លានដុល្លារ កើនឡើង ៣.៥ភាគរយ ក្នុងនោះ កម្ពុជានាំចេញ ទៅជប៉ុន មានទឹកប្រាក់៣០៥​លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជា មានទឹកប្រាក់១៧៤លានដុល្លារអាមេរិក។

សូមរម្លឹកថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកវេទិកាជួបជុំជាលើកដំបូងជាមួយពាណិជ្ជករ និងភាគទុនិក ជប៉ុន ជាង ១០០នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីស្វែងរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ទាក់​​ទិននឹងការធ្វើប្រតិបត្តិការ និងផ្តល់សេវាកម្មផ្សេងៗរបស់ធនាគារ ជួនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕

×