រដ្ឋធានីមូស្គូ៖ រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានទទួលស្គាល់ អំពីលទ្ធភាព នៃជម្លោះកំពុងតែកើនឡើង ឈានដល់ការប្រើប្រាស់អាវុធនុយក្លេអែរ តែទោះជាយ៉ាងណា ប្រមុខការទូតរូបនេះ នៅតែមានក្ដីសង្ឃឹម អំពីការរំពឹងទុក ទៅលើកិច្ចព្រមព្រៀងសន្តិភាព អាចនឹងកើតឡើង។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ថា ប្រមុខការទូតរុស្ស៊ី បានបញ្ជាក់ថា «ខ្ញុំមិនចង់បង្កើននូវហានិភ័យជាយថាហេតុនោះទេ តែមនុស្សមួយចំនួន ចង់បង្កើតបញ្ហានេះឡើង ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ ហើយយើងមិនត្រូវមើលស្រាល ចំពោះស្ថានការណ៍ទាំងនេះឡើយ»។

លោក ស៊ើរជេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ នៅក្នុងថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ First Channel របស់រុស្ស៊ី កាលពីថ្ងៃចន្ទ ថា «ក្រុងមូស្គូ ចង់បញ្ចៀសនូវហានិភ័យ កំពុងតែកើនឡើង ជុំវិញជម្លោះនេះ។ ចំណែកតួនាទីរបស់យើង ផ្ដោតទៅលើអ្វី ដែលយើងមានគ្រប់យ៉ាង ហើយហានិភ័យ នាពេលនេះ គូរតែត្រូវគិតពិចារណា»។
ប្រមុខការទូតសរុស្ស៊ី រូបនេះ បានចោទប្រកាន់ដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គីន(Volodymyr Zelensky) កំពុងតែធ្វើពុត នៅក្នុងការចរចា ដោយហៅថា «គាត់ជាតារាសម្តែងដ៏ល្អម្នាក់»។ ប៉ុន្ដែក្រុងមូស្គូ បានបញ្ចៀសនូវសង្គ្រាមនូវនុយក្លេអ៊ែរនេះ។
ដោយឡែក លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ថា ការអត្ថាធិប្បាយចុងក្រោយរបស់ប្រមុខការទូតរុស្ស៊ី កំពុងតែចង្អុលបង្ហាញថា រុស្ស៊ីបានបាត់បង់នូវ «ក្តីសង្ឃឹមចុងក្រោយរបស់ខ្លួន ដើម្បីបន្លាចពិភពលោក ដែលគាំទ្រអ៊ុយក្រែន»។ ដោយឡែកការនិយាយ អំពីគ្រោះថ្នាក់ នៃសង្គ្រាមលោកលើកទី៣ មានន័យថា ក្រុងមូស្គូ ដឹងពីការចាញ់អ៊ុយក្រែន»។

លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យកម្លាំងអាវុធនុយក្លេអ៊ែរ ស្ថិតក្នុងការប្រុងជើងការ ក្រោយពេលគាត់បានបញ្ជាកងទ័ព ឲ្យចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តណាតូរបស់ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ មិនចង់ចូលធ្វើអន្ដរាគមន៍យោធា ដោយផ្ទាល់ នៅក្នុងប្រទេសអ៊ុយក្រែន នោះទេ ព្រោះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ នៃសង្គ្រាមលោកលើកទី៣៕រក្សាសិទ្ធិដោយ ៖ សារាយSN











