Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ អំពាវនាវឲ្យមានការវិនិយោគបន្ថែម ពីវិនិយោគិនបារាំង នៅកម្ពុជា , AFD បានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាត

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយឯកឧត្តម Jacques PELLETឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នារសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ ទៅកិច្ចពង្រឹងទំនាក់ ទំនងលើវិស័យមួយចំនួន ដូចជា៖វិស័យ ទឹកស្អាត វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យឧស្សាហកម្ម និងការទាក់ទាញការវនិយោគជាដើម ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងលើកឡើង ពីទំនាក់ទំនងល្អប្រសើរ ទាក់ទងនិងជំនួយនិងកម្ចីអភិវឌ្ឍរបស់បារាំងនៅកម្ពុជា ។ ក្នុងនោះជាមួយក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំងតាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) បានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាត ដែលវិស័យនេះ ក្រសួងពិតជាត្រូវការជំនួយ និងកម្ចីអភិវឌ្ឍបន្ថែមទៀត ជាពិសេសការផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងមានវិសាល ភាពធំធេង ដោយមូលហេតុរាធានីភ្នំពេញត្រូវបាន ពង្រីកផ្ទៃក្រឡាដីរដ្ឋបាលរបស់ខ្លួន កាន់តែធំ ក៏ដូចជា ទីប្រជុំជនដ៏ទៃទៀត ។

ទាក់ទងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើឲ្យប្រទេសបារាំង ពិនិត្យ លទ្ធភាពជួយពង្រឹង វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈ ការបណ្តុះបណ្តាល ពង្រឹង សមត្ថភាព ធនធានមនុស្ស និងបំពាក់ឧបករណ៍ពិសោធន៍ ។

ពាក់ព័ន្ធនឹងវិស័យ វិនិយោគ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានលើកឡើងពីកត្តាអំណោយផលរបស់កម្ពុជា គឺកម្ពុជាមានស្ថិរភាព ស្ថិរភាពនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច ច្បាប់វិនិយោគ មានការលើកទឹកចិត្ត ជាពិសេស គឺភាពអនុគ្រោះពាណិជ្ជកម្ម ។

ក្នុងនោះ ឯកឧត្ដម ក៏បានទាញអារម្មណ៌នូវ ទីតាំងវិនិយោគ ដ៏មានសក្តានុពលមួយ គឺខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយឯកឧត្តម សូមអំពាវនាវឲ្យមានការវិនិយោគបន្ថែម ពីវិនិយោគិនបារាំងនៅកម្ពុជា ។

ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូត បារាំង ប្រចាំកម្ពុជា បានបង្ហាញនូវជំហររបស់ប្រទេសបារាំង ក្នុងការសហការគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ។ ក្នុងនោះឯកឧត្តមបានមើលឃើញពីសារៈសំខាន់ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ដែលកំពុងមានតម្រូវការខ្លាំងនៅកម្ពុជា និងចាប់អារម្មណ៌ខ្ពស់ទៅលើកិច្ចសហការអភិវឌ្ឍវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយឯកឧត្តម នឹងដឹកនាំប្រតិភូចុះពិនិត្យជាក់ស្តែងនៅវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលខាងមុខ ។ ទាក់ទងវិស័យវិនិយោគ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍តំបន់ខេត្តព្រះសីហនុ ហើយក៏នឹងអញ្ជើញទៅទស្សនៈកិច្ចស្វែងយល់ផងដែរ ។

ទន្ទឹមគ្នានោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានជម្រាបជូនដំណឹងថា នៅដើមខែមិថុនាខាងមុខ ភាគីបារាំង នឹងមានកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) រៀបចំនូវវេទិកាសេដ្ឋកិច្ច កម្ពុជា -បារាំង នៅរាជធានីភ្នំពេញ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការការវិនិយោគរវាងប្រទេសទាំងពីរផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×