Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយសាខាពន្ធដា ដើម្បីកៀរគការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការឲ្យបានល្អជាមួយសាខាពន្ធដាខណ្ឌទាំងអស់ ដើម្បីឲ្យការងារគៀងគរ ប្រមូលពន្ធចំណូលចូលរដ្ឋកាន់តែល្អប្រសើរ ពោលគឺបើមានបញ្ហាអ្វីមួយត្រូវរួមគ្នាធ្វើការ ដោះស្រាយ ព្រោះថា ការអភិវឌ្ឍន៍មូលដ្ឋានគឺពឹងផ្អែកលើថវិកាចំណូលរបស់ពន្ធដានេះហើយ។

ការស្នើបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដាខណ្ឌចំនួន៦នារសៀលថ្ងៃទី២៦ មេសា ឆ្នាំ ២០២២នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រមូលពន្ធបើមានបញ្ហាខុសឆ្គងណាមួយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែរួមសហការគ្នា ជាមួយសាខាពន្ធដា ដើម្បីសម្រួលលើការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ ។ ការប្រមូលពន្ធគឺដើម្បីយកថវិកាទាំងនោះ មកធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវតែរួមគ្នា ដើម្បីសម្រួលលើកិច្ចការងារនេះឲ្យបានល្អប្រសើរ ។

ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកយើងបានអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាណាយ៉ាងណាក្តី លោកនូវតែជំរុញឲ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយកម្ពុជានឹងក្លាយ ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឱកាសនោះក៏បានលើកឡើងពីការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយ សាខាពន្ធដារតាមបណ្ដាខណ្ឌនឹងមន្រ្តីពន្ធដារផ្សេងទៀតនាពេលកន្លងមកបានល្អ ។លោក ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់បន្តជួយសាខាពន្ធដារឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីងាយស្រួលលើការប្រមូលពន្ធចូលរដ្ឋ។

ពាក់ព័ន្ធនឹងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌទាំង៦រូបខាងលើនេះ ឯកឧត្តមគង់ វិបុល បានធ្វើការណែនាំឲ្យប្រធានសាខាពន្ធដារទាំង៦រូប ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារលើការប្រមូលពន្ធចូលរដ្ឋ ។ ឯកឧត្តមបញ្ជាក់ថា មេដឹកនាំត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ មេដឹកនាំត្រូវតែមានលក្ខណៈច្នៃប្រឌិតធ្វើយ៉ាងណា ប្រមូលពន្ធចូលរដ្ឋឲ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹកនាំពន្ធដា មានបញ្ហាត្រូវតែដោះស្រាយកុំទុកឲ្យរឿងរ៉ាវកាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារត្រូវតែមានការច្នៃប្រឌិត និងកែទម្រង់នៃការដឹកនាំ បើមិនមានការច្នៃប្រឌិតនិងកែទម្រង់ទេគឺមានតែផ្លាស់ប្ដូរចេញ។

គួរបញ្ជាក់ថា៖ មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ០៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំង៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×