Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ម៉ាល់ឌីវ បានឯកភាពគ្នាត្រៀមចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការហោះហើរត្រង់

ភ្នំពេញ ៖ ជាបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍, កម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ ជាពិសេស ក្នុងក្របខ័ណ្ឌអង្គការទេសចរណ៍ពិភពលោក។

កិច្ចសហប្រតិបត្តិការផ្ដោតលើវិស័យទេសចរណ៍នេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

ជាការពង្រឹងពង្រីកវិស័យទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានស្នើសុំឱ្យមានការឯកភាពគ្នាពីភាគីទាំងពីរ គឺធ្វើយ៉ាងណាជំរុញឱ្យមានការហោះហើរទៅវិញទៅមក ទោះបីប្រទេសម៉ាល់ឌីវជាប្រទេសតូចមែន ប៉ុន្តែជាប្រទេសនេះសម្បូរទៅដោយដែនកោះ អ៊ីចឹងថ្ងៃក្រោយយើងអាចទៅសិក្សាយកបទពិសោធន៍ពីការអភិវឌ្ឍកោះរបស់ប្រទេសម៉ាល់ឌីវ មកធ្វើការអភិវឌ្ឍកោះនៅកម្ពុជា។

ជាលទ្ធផល ភាគីទាំងពីរកម្ពុជា-ម៉ាល់ឌីវ បានឯកភាពគ្នារៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នេះ នាពេលខាងមុខដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ព្រមទាំងតួនាទីនៅក្នុងតំបន់ជាដើម ថា កម្ពុជាបាននិងកំពុងប្រឹងប្រែងធ្វើបានល្អ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញថា ស្ថានភាពនៅកម្ពុជាកាន់តែប្រសើរឡើង ហើយស្ទើរតែដូចប្រក្រតីភាពឡើងវិញមុនការរីករាលដាលជំងឺកូវីដ-១៩ដូច្នោះដែរ ដោយកម្ពុជាផ្តោតសំខាន់ទៅលើប្រសិទ្ធភាព និងការគ្រប់គ្រងកូវីដ-១៩ ធ្វើយ៉ាងណាចាក់វ៉ាក់សាំងឲ្យបានគ្រប់ប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូចជំរុញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ដែលជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ថា សកម្មភាពសង្គមសេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជា បានបើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។ ជាមួយគ្នានេះ កម្ពុជាសូមថ្លែងអំណរគុណដល់ប្រទេសម៉ាល់ឌីវ ដែលបានបញ្ជូនមន្ត្រីទេសចរណ៍របស់ខ្លួនមកចូលក្នុងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិនៅកម្ពុជានាពេលកន្លងមក ជាពិសេសនៅឆ្នាំ២០១៩។

ទាក់ទងនឹងសកម្មភាពទេសចរណ៍វិញ ឯកឧត្តម ថោង ខុន បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ថាកម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញតែប៉ុណ្ណោះ គឺអាចចូលទស្សនានៅកម្ពុជាបានហើយ និងអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ហើយស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

K
×