Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត ការ​លុបឈ្មោះ​យានយន្ត​ចេញ​ពី​បញ្ជី និង​ការប្រមូល​ចំណូល​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ នឹង​មាន​ភាព​កាន់តែ​ប្រសើរឡើង​

spot_img

​​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ដ្រី បានលើកឡើង​អំពី​សារសំខាន់ នៃ​ការគ្រប់គ្រង​យានយន្ត ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង សំដៅ​លុបបំបាត់​នូវ​ការប្រើប្រាស់​យានយន្ត ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ លុប​យានយន្ត​ទាំងឡាយណា ដែល​ឈប់​ប្រើប្រាស់​ចេញពី​បញ្ជី​យានយន្ត ជំរុញ​ការផ្តល់សេវា​កាន់តែ​មាន​ភាពងាយស្រួល និង​ការចំណាយ​រយៈពេល​តិច​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ បាន​ពិភាក្សា​អំពី​ការពង្រឹង​យន្តការ នៃ​ការគ្រប់គ្រង​ការចុះបញ្ជី​យានយន្ត ការផ្ទេរកម្មសិទ្ធិ​យានយន្ត ការបង់ពន្ធ​ប្រថាប់ត្រា និង​ការបង់ពន្ធ​ប្រចាំឆ្នាំ​លើ​មធ្យាបាយ​ធ្វើដំណើរ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ប្រតិភូ​រាជរដ្ឋាភិបាល ក៏បាន​លើកឡើង អំពី​គោលបំណង នៅ​ក្នុង​ការជំរុញ ទៅ​លើ​យន្តការ​នៃ​ការប្រមូល​ពន្ធ ទាំង​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត និង​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ដោយ​យល់ឃើញ​ពីសារ​សំខាន់​ខាងលើ អង្គប្រជុំ​បាន​សម្រេច​ធ្វើ​ការតភ្ជាប់​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត ជាមួយនឹង​ប្រព័ន្ធ​ទិន្នន័យ​ពន្ធដារ ក្នុង​គោលបំណង​ចែករំលែក​ទិន្នន័យ​គល់បញ្ជី​ជាមួយគ្នា​ទៅវិញទៅមក ក៏ដូចជា​ការផ្ទៀងផ្ទាត់​គល់បញ្ជី​មុននឹង​អនុញ្ញាត​ឱ្យ​ផ្ទេរកម្មសិទ្ធិ​យានយន្ត បង់ពន្ធ​ទៅ​លើ​មធ្យោបាយ​ធ្វើដំណើរ ក៏ដូចជា​ធានា​ឱ្យបាន​ថា យានយន្ត​ដែល​មក​ផ្ទេរ​កម្មសិទ្ធិ សុទ្ធតែ​បាន​បង់ពន្ធ​ប្រថាប់ត្រា​ត្រឹមត្រូវ ចំពោះ​យានយន្ត​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ត្រឹមត្រូវ​នោះ ក៏​ត្រូវ​ប្រឈម​មុខ​នូវ​ការ​លុបឈ្មោះ​ចេញពី​បញ្ជី​យានយន្ត​ផងដែរ​។ ការតភ្ជាប់​ទិន្នន័យ​នេះ ក៏​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្វើការ​ជូនដំណឹង​ទៅ​ដល់​ម្ចាស់​យានយន្ត​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ទៅ​លើ​មធ្យោបាយ​ធ្វើដំណើរ​ជា​ប្រចាំ​ឆ្នាំ​ផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការតភ្ជាប់​ប្រព័ន្ធ​នេះ នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន នឹង​ជួយ​ចូលរួម​ទៅដល់​ការពង្រឹង​នូវ​សន្តិសុខ​ជាតិ ជួយ​បង្កើន​ចំណូល​ពន្ធ​រដ្ឋ និង​ជួយ​ជំរុញ​ទៅ​ដល់​ការគ្រប់គ្រង​ទៅលើ​មធ្យោបាយ​ធ្វើដំណើរ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×