ភ្នំពេញ ៖ ដើម្បីពង្រីកវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យរឹងរឹតតែមានសន្ទុះខ្លាំងក្លាថែមទៀត លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានជំរុញដល់វិនិយោគិនទុនជប៉ុន សូមមកធ្វើការកែច្នៃផលិតផលកសិកម្ម ដែលមានសក្តានុពលនៅកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងធុរជននៃប្រទេសទាំងពីរ។

ការជំរុញបែបនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងពិធីផ្តូផ្គងអាជីវកម្ម កម្ពុជា-ជប៉ុន និងកម្មវិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងសមាគមជប៉ុន-កម្ពុជា (JCA) ដោយមានការចូលរួមពី លោក ហាតាកាស៊ី ហ្វូមីគី ប្រធានសមាគមន៍កជប៉ុន-កម្ពុជា JCA និងតំណាងអ្នកវិនិយោគជប៉ុន-កម្ពុជា ជាច្រើនរូប ដែលក្នុងនោះ ដោយក្នុងនោះលោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាន CEN ក៏ត្រូវទទួលបានទទួលការអញ្ជើញចូលរួមជាកិត្តិយសផងដែរ។
សូមបញ្ជាក់ថា លោកជំទាវឧកញ៉ា ជីប យុទ្ធារី គឺជាពាណិជ្ជករមួយរូប ប្រតិបត្តិការលើគ្រឿងអលង្ការ ដីធ្លី និងវិស័យសារព័ត៌មាន គឺមជ្ឈមណ្ឌលព័ត៌មាន CEN ដែលបានដំណើរការអស់រយៈពេល ១៤ឆ្នាំមកហើយ។
ស្ដីពីជំនួបពាណិជ្ជករកម្ពុជា-ជប៉ុនវិញ លោកឧកញ៉ា តែ តាំងប៉ បានលើកបង្ហាញថា ស្ថានភាពកម្ពុជានាពេលនេះ មានឱកាសច្រើនដល់អ្នកវិនិយោគជប៉ុន ព្រោះប្រទេសកម្ពុជាមានវិស័យកសិកម្មល្អ បើសិនអ្នកវិនិយោគទុនជប៉ុន មកធ្វើការកែច្នៃផលិតផលកសិកម្ម ដែលមានទាំងប៉ុន្មានឱ្យទៅជាចំណីអាហារ នោះ គ្រាន់តែយើងផ្គត់ផ្គង់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះ គឺក្នុងមួយឆ្នាំអាចប្រមូលចំណូលមកវិញប្រមាណ ៤ពាន់លានដុល្លារឯណោះ។
លោកឧកញ៉ាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាមានក្ដីសង្ឃឹមថា គណៈប្រតិភូវិនិយោគជប៉ុន នឹងមានការចាប់អារម្មណ៍ ចំពោះការវិនិយោគពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគជប៉ុន-កម្ពុជា ហើយលោកឧកញ៉ាធានា និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកមកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ជំនួបពាណិជ្ជកររវាងកម្ពុជា-ជប៉ុននាពេលនេះ មានគោលបំណងដើម្បីបង្កើន និងពង្រឹងចំណងកិច្ចសហការពាណិជ្ជកម្ម ក៏ដូចជាស្វែងយល់ពីប្រភេទផលិតផល ប្រភេទពាណិជ្ជកម្មកាន់តែច្បាស់ និងផ្គូផ្គងមើលថា តើផលិតផលណាខ្លះ ដែលកម្ពុជាអាចនាំចេញទៅប្រទេសជប៉ុនបាន ក៏ដូចជាផលិតណាមួយដែលជប៉ុន អាចនាំចូលមកកម្ពុជាបានផងដែរ។
បើតាម លោក ហាតាកាស៊ី ហ្វូមីគី បានឲ្យដឹងផងដែរថា វត្ថុបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជានាពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងសក្ដានុពលវិនិយោគតាមបណ្ដាខេត្ត-រាជធានី។
ដូច្នេះហើយ លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើនទូទាំងរាជធានី-ខេត្ត ត្រូវការជំរុញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស និងត្រូវការដៃគូវិនិយោគនានា ដើម្បីជួយអោយសហគ្រាសរបស់ខ្លួនកាន់តែរីកចម្រើន, ក្នុងនាមសម្ពន័្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) យើងបានខិតខំព្យាយាមទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនជាមួយបណ្តាប្រទេសអាស៊ីមួយចំនួន មានដូចជា ប្រទេសជប៉ុន ចិន កូរ៉េ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម ដើម្បីបង្កើតឱ្យមានកម្មវិធីជំនួបពាណិជ្ជករបែបនេះឡើង ឈានទៅធ្វើឲ្យរីកចម្រើនលើវិស័យពាណិជ្ជកម្ម វិនិយោគ និងងធុរជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












