ភ្នំពេញ ៖ បើនិយាយពីកម្មសិទ្ធបញ្ញាវិញ គឺជាសេក្ដីត្រូវការដ៏សំខាន់របស់ក្រុមអ្នកផលិត មិនថាអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ឬការបង្កើតស្នាដៃអ្វីមួយ ហើយនៅកម្ពុជាកំពុងតែអនុវត្តនូវគោលការណ៍នេះដើម្បីការពារដល់ម្ចាស់កម្មសិទ្ធិ ពេលនេះ ក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ» ។
ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជួយជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាកាន់តែមានភាពរីកចម្រើន។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការរំលឹកខួបនៃការចូលជាធរមាន នៃអនុសញ្ញាស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្កើតឱកាសឱ្យស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាចូលរួមលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់យើង ជាពិសេសការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានឲ្យដឹងទៀតថា នាឆ្នាំកន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានខិតខំបំពេញកិច្ចការរបស់ខ្លួបានយ៉ាងល្អ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖
១- ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ,
២- ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ,
៣- ការរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា,
៤- កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាមួយចំនួន និងការងារអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ,

៥- ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ និងការផ្សព្វផ្សាយច្បាប់ និង
៦- ទទួលជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព យុវជន និងសិស្សនិស្សិត ប្រមាណជាង ៤០០នាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










