រដ្ឋធានីគៀវ៖ ក្រោយពេលពេលសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ឈានចូលដល់ដំណាក់កាលថ្មីនោះ រុស្ស៊ីបានចោទប្រកាន់ដល់ចក្រភពអង់គ្លេស កំពុងតែជំរុញឲ្យអ៊ុយក្រែន វា.យប្រ.ហារ ទៅលើទឹកដីរបស់ខ្លួន
សារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ ទៅលើចក្រភពអង់គ្លេស កំពុងតែជំរុញឲ្យអ៊ុយក្រែន វាយប្រហារចូល មកលើទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវាយប្រហារ ទៅលើមជ្ឈមណ្ឌលផ្ដល់គំនិត នៅក្នុងរដ្ឋធានីក្រុងគៀវ ប្រសិនបើការវាយប្រហារបែបនេះ កើតឡើង។ វត្ដមាន នៃក្រុមទីប្រឹក្សារបស់បណ្ដាប្រទេសបស្ចិមលោក នៅក្នុងមជ្ឈមណ្ឌលនេះ ប្រហែលជាមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្លួន នៅក្នុងការវា.យប្រ.ហារសងសឹក។

រុស្ស៊ី បានចោទប្រកាន់ក្រុងឡុងដ៍ បែបនេះ ក្រោយពេលរដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ថា វាមិនមែនជាបញ្ហាចាំបាច់ សម្រាប់អ៊ុយក្រែន នៅក្នុងការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ ដោយចក្រភពអង់គ្លេស ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី នោះឡើយ។
លោក ជេមស៍ ហៀបភេ (James Heappey ) មន្រ្ដីជាន់ខ្ពស់អង់គ្លេស បានបញ្ជាក់ថា ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែន គឺបង្អាក់ដល់បណ្ដាញផ្គត់ផ្គង់ ក៏ជាផ្នែកមួយស្របច្បាប់សម្រាប់សង្គ្រាមនេះ។ ជាមួយគ្នានេះ គាត់បានចាត់ទុកការអះអាងរបស់រុស្ស៊ី មកលើអង្គការសន្ធិសញ្ញាអាត្លង់ទិក ហៅកាត់ ណាតូ កំពុងតែចូលរួម នៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ី ជារឿងមិនសមហេតុផលនោះឡើយ។
បណ្ដាប្រទេសបស្ចិមលោក បានផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ក្រុងគៀវ ចាប់តាំងពីរុស្ស៊ីបានសម្រេចលើកកងទ័ព វាយលុកចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ប៉ុន្ដែនៅពេលនេះដែរ មន្រ្ដីណាតូ និង សហភាពអឺរ៉ុប កំពុងតែជួបប្រជុំគ្នា នៅក្នុងប្រទេសអាឡឺម៉ង់ ដើម្បីពិភាក្សា អំពីការផ្ដល់ជំនួយយោធាបន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ រដ្ឋាភិបាលចក្រភពអង់គ្លេស ក៏បានប្រកាសដែរថា អង់គ្លេសនឹងផ្ដល់យានប្រឆាំងនឹងយន្ដហោះចម្បាំងមួយចំនួន ដល់ប្រទេសអ៊ុយក្រែន។

រុស្ស៊ី បានអះអាងថា កម្លាំងកងទ័ពអ៊ុយក្រែន បានវាយប្រហារ មកលើគោលដៅជាច្រើន នៅលើទឹកដីរបស់ខ្លួន រួមទាំង ឃ្លាំងស្ដុកប្រេង នៅក្នុងទីក្រុងបែលហ្គោរ៉ូដ (Belgorod) ដែលមានចម្ងាយ ប្រហែល៤០គីឡូម៉ែត្រ ពីព្រំដែន នៃប្រទេសអ៊ុយក្រែន។ ប៉ុន្ដែអ៊ុយក្រែន មិនបានបញ្ជាក់ អំពីការវាយប្រហារណាមួយនោះទេ។
បើតាមសេចក្ដីថ្លែងការណ៍មួយ ត្រូវដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន Interfax ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា «យើងនឹងសង្កត់ធ្ងន់ លើការជំរុញដោយផ្ទាល់ពីក្រុងឡុងដ៍ សម្រាប់របបក្រុងគៀវ នៅក្នុងសកម្មភាពវា.យប្រ.ហារ មកលើទឹកដីរបស់រុស្ស៊ី នឹងនាំឲ្យមានការឆ្លើយតប ដោយផ្ទាល់ ពីរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវាយប្រហារសងសឹក ដោយប្រើអាវុធ ដែលមានភាពត្រឹមត្រូវខ្ពស់ នៅក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងមជ្ឈមណ្ឌលទទួលយកការសម្រេចចិត្តពាក់ព័ន្ធ នៅក្នុងរដ្ឋធានីគៀវ (Kyiv) ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានេះដែរ លោក ស៊ើរជេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី ក៏បានចោទប្រកាន់ដល់អង្គការណាតូ កំពុងតែលូកដៃ ចូលធ្វើសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី ព្រោះបស្ចិមលោក កំពុងតែផ្ដល់គ្រឿងយុទ្ធោបករណ៍ ទៅកាន់ប្រទេសអ៊ុយក្រេន ក៏ជាការត្រឹមត្រូវសម្រាប់គោលដៅវាយប្រហារដោយស្របច្បាប់របស់កងទ័ពរុស្ស៊ី។ សកម្មភាពរបស់លោកខាងលិច កំពុងតែចាក់សាំងលើភ្លើង ដោយសារការផ្តល់នូវថាមពលភ្លើង ដល់ប្រទេសអ៊ុយក្រែន ហើយគាត់ថែមទាំង បានព្រមានម្តងហើយម្តងទៀតថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន អាចនាំឱ្យមានសង្គ្រាមលោកលើកទី៣៕រក្សាសិទ្ធិដោយ ៖ សារាយSN












