Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋត្រូវចំណាយអស់ជិត ២០ដុល្លារ សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងក្នុងខែកក្កដា

ភ្នំពេញ ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាផ្លូវសក្ដានុពលលើកដំបូងរបស់កម្ពុជា
ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា មកដល់ពេលនេះ ការស្ថាបនាសម្រេចបានជាង ៩០ភាគរយហើយ បន្ទាប់ពីប្រើពេលជាង ៣ឆ្នាំមកនេះ ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដឹកនាំក្រុមមន្ត្រី សិស្ស-និស្សិត បង្ហាញនូវសមិទ្ធផលផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាបច្ចេកទេសនៃការសាងសង់ផងដែរនោះ លោកទេសរដ្ឋមន្ត្រី ឲ្យដឹងថាថា ពាក់ព័ន្ធបច្ចុប្បន្នភាពនៃការសាងសង់ផ្លូវ ក៏ដូចជាលក្ខខណ្ឌផ្សេងៗលើការប្រើប្រាស់ផ្លូវនេះ គឺការសាងសង់ផ្លូវល្បឿនលឿននេះសម្រេចបានជាង ៩០ភាគរយហើយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅខែកក្កដា ខាងមុខនេះ, ស្ដីពីតម្លៃនៃការប្រើប្រាស់វិញ គឺតម្លៃរថយន្តអាច ១០សេន ក្នុងមួយគីឡូម៉ែត្រ, ចំណែក កង់-ម៉ូតូ មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវនេះទេ។ ដោយឡែកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិញ គឺអាស្រ័យទៅលើពេលវេលាដ៏សមស្របរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រោះសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងការបើកសម្ភោធផ្លូវនេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់អំពីលក្ខខណ្ឌ និងនីតិវិធីមួយចំនួនក្នុងការប្រើប្រាស់ផ្លូវនេះថា គឺអនុញ្ញាតឱ្យបើកបរតែរថយន្តប៉ុណ្ណោះ ចំណែក កង់ ឬម៉ូតូ មិនអនុញ្ញាតឱ្យធ្វើដំណើរនោះឡើយ ហើយល្បឿននៃការបើកបរ ក្រសួងកំពុងពិចារណាអនុញ្ញាតឱ្យបើកបានរហូតដល់ ១២០គីឡូម៉ែត្រ/ម៉ោង។ រីឯតម្លៃនៃការធ្វើដំណើរឆ្លងកាត់វិញ រាជរដ្ឋាភិបាលគ្រោងពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ គិតតម្លៃក្រោម ១០សេនក្នុងមួយគីឡូម៉ែត្រ, ដូច្នេះបើធ្វើដំណើរពីរាជធានីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ ចម្ងាយជិត ២០០គីឡូម៉ែត្រនោះ ការចំណាយថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿននេះអាចជិត ២០ដុល្លារ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការផ្ដល់បទសម្ភាសន៍ និងការបញ្ជាក់អំពីលក្ខខណ្ឌផ្សេងៗក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿននេះ គឺធ្វើឡើងក្នុងឱកាស លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ បាននិមន្តព្រះសង្ឃ ថ្នាក់ដឹកនាំំ មន្ត្រីក្រសួងក្រសួងសាធារណការ និស្សិតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រជាពលរដ្ឋស្រុកកោះធំ ខេត្តកណ្តាលផង ទស្សនកិច្ច និងធ្វើដំណើរនៅលើផ្លូវល្បឿនលឿនមួយខ្សែនេះ ក្នុងបំណងបង្ហាញនូវសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាបច្ចេកទេសនៃការសាងសង់ផ្លូវល្បឿនលឿន ដែលប្រកបដោយគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ សង្គម និងការអភិវឌ្ឍ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×