ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារបន្ថែម១ឆ្នាំទៀត ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២។
អនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្នែកតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២»។
ការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) តាមលក្ខខណ្ឌដូចខាងក្រោម៖
១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារអាមេរិក តាមតម្លៃទីផ្សារជាក់ស្តែង ដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រា ក្នុងអំឡុងពេលនេះ។
២៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងមក ឬបច្ចុប្បន្នទៅជានិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬទៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៣៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។ ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញលក់ ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ៕