Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសដ៏តូមួយនៅអឺរ៉ុប ធ្វើឲ្យផ្អើលពិភពលោក ទើបអង្គការសហប្រជាជាតិ អនុម័តឲ្យបញ្ជាក់ពីភាពត្រឹមត្រូវលើអំណាចវេតូ

ទីក្រុងញូវយ៉ក៖ ប្រទេសដ៏តូចមួយ នៅអឺរ៉ុប ដែលមានផ្ទៃដីត្រឹមតែ១៦០គីឡូម៉ែត្រការ៉េ និង មានប្រជាពលរដ្ឋ ៤០ ០០០នាក់ បានធ្វើឲ្យពិភពលោកភ្នាក់ផ្អើល ដោយស្នើទៅអង្គការសហប្រជាជាតិ ជុំវិញសិទ្ធិអំណាចវេតូរបស់ប្រទេសមហាអំណាចទាំង៥ ហើយនៅទីបំផុតសមាជិកទាំង១៩៣ប្រទេស នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានអនុម័តដោយឯកច្ឆ័ន្ទនូវដំណោះស្រាយ ដែលតម្រូវឱ្យសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ បង្ហាញ អំពីភាពត្រឹមត្រូវ នៃការប្រើប្រាស់សិទ្ធិអំណាចវេតូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ឯកអគ្គរដ្ឋទូតម្នាក់ សុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ បានអះអាងថា វិធានការនេះ មានគោលបំណង ធ្វើឱ្យប្រទេសកាន់សិទ្ធិអំណាចវេតូ រួមមាន សហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង និង ចក្រភពអង់គ្លេស «បង្កើនតម្លៃខ្ពស់ខាងលើនយោបាយ» ខណៈពួកគេប្រើវេតូ សម្រាប់ប្រឆាំងនឹងដំណោះស្រាយណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ។ ការជំរុញឲ្យមានកំណែទម្រង់បែបនេះ ទទួលបានការស្វាគមន៍ ដោយការអបអរសាទរ នៅក្នុងអង្គប្រជុំ ហើយនេះជាការកំណែទម្រង់ដ៏កម្រ ក្រោយការលុកលុយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រទេស Liechtenstein បានសហការគាំទ្រកំណែទម្រង់លើសិទ្ធិវេតូ ហើយក៏មានការចូលរួម ពីប្រទេសចំនួន១០០ រួមទាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដែលជាការប្រមូលផ្តុំនូវការគាំទ្រយ៉ាងឆាប់រហ័ស បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងទូលំទូលាយ នៅក្នុងអង្គការសហប្រជាជាតិ។ បើទោះជារុស្ស៊ី ឬចិន មិនស្ថិតក្នុងចំណោមអ្នកជ្រោមជ្រែងសំណើនេះក្ដី។ ប៉ុន្ដែអ្នកការទូត មកពីប្រទេសមួយ នៅក្នុងចំណោមប្រទេសទាំង២នេះ ដោយសុំមិនបញ្ចេញឈ្មោះ បានរិះគន់ចំណាត់ការបែបនេះថា សកម្មភាពនេះ នឹងបំបែកបំបាក់អង្គការសហប្រជាជាតិ។

លោក Christian Wenaweser ឯកអគ្គរដ្ឋទូតឡិចថែនស្ដេន ប្រចាំនៅក្នុងអង្គការសហប្រជាជាតិ ដែលទទួចឲ្យមានសំណើនេះ ដោយមិនប្រឆាំងនឹងប្រទេសណាមួយ បានបញ្ជាក់ថា «ចំណាត់ការនេះ នឹងបង្កើតនូវនីតិវិធីថ្មី។ សកម្មភាពនេះ នឹងមិនសំដៅដល់ការប្រឆាំងនឹងរុស្ស៊ីនោះតែ បើទោះជាសំណើលើកឡើងនេះ បានកើតឡើង នៅពេលក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញឱ្យឃើញ អំពីអសមត្ថភាព នៅក្នុងការថ្កោលទោស ជុំវិញការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ក៏ដោយសារតែអំណាចវេតូរបស់ក្រុងម៉ូស្គូ យ៉ាងណាក្ដី។

តាមទស្សនៈរបស់សហរដ្ឋអាមេរិក គឺរុស្ស៊ីបានបំពានសិទ្ធិវេតូរបស់ខ្លួន អស់រយៈពេលពីរទសវត្សរ៍កន្លងមកហើយ ហើយអត្ថបទបានស្នើឡើងនេះ មានគោលបំណង ដើម្បីដោះស្រាយស្ថានការណ៍បែបនេះ។

លោក Wenaweser បានបញ្ជាក់ទៀតថា សំណើនេះ មានគោលបំណង លើកកម្ពស់តួនាទីរបស់អង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ពហុភាគីនិយម និង ដើម្បីលើកកម្ពស់សំឡេងរបស់យើងទាំងអស់គ្នា មិនកាន់វេតូ និង សិទ្ធិរបស់យើងមិននៅក្នុងក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធនឹងបញ្ហាសន្តិភាព និង សន្តិសុខអន្តរជាតិ។ បញ្ហានេះ ក៏មិនជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ច ហើយគ្មានអ្វីរារាំងដល់ប្រទេសដែលប្រើវេតូ បដិសេធ សម្រាប់ការពន្យល់ពីសកម្មភាពរបស់ខ្លួន ទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×