ឪពុកម្នាក់បានផ្តល់មេរៀនដ៏ធំមួយ ដោយឲ្យកូនស្រីចុះទឹកដកប្ញសឈូក (ក្រអៅឈូក) ស្ថិតក្រោមកម្តៅថ្ងៃ ៤ ម៉ោង ដើម្បីឲ្យស្គាល់ភាពលំបាកនៃជីវិតពិត បន្ទាប់ពីកូនស្រីបានត្អូញត្អែរអំពីការមិនចង់ទៅសាលារៀន។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ គេហទំព័រចិន Sohu បានចុះផ្សាយឲ្យដឹងថា ឪពុកម្នាក់បានសម្រេចចិត្តបង្រៀនកូនស្រីរបស់គាត់ នូវមេរៀនដ៏ធំមួយ បន្ទាប់ពីដឹងថា កូនស្រីអាយុ ១១ ឆ្នាំ បានបង្ហាញការប្រឆាំងមិនចង់រៀនទេ ហើយមានជម្លោះជាមួយគ្រូនៅសាលា។ ដូច្នេះ ក្រោយពីទទួលទូរស័ព្ទពីគ្រូថា កូនស្រីរបស់គាត់មិនចង់ទៅរៀនទៀតទេ ទើបគាត់ទៅទទួលកូនពីសាលា ហើយឲ្យកូនស្រីព្យាយាមជួបការលំបាកដែលពួកគាត់ធ្លាប់ឆ្លងកាត់ក្នុងជីវិតពិតជំនួសវិញ តើលំបាកយ៉ាងណា។
រឿងដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅទីក្រុង Xianning ខេត្ត Hubei កាលពីថ្ងៃទី ២៤ ខែមេសា បន្ទាប់ពីបុរសជាឪពុកម្នាក់ បានយកកូនស្រីចេញពីសាលារៀន។ ឪពុករូបនោះ បាននាំកូនស្រីទៅកាន់ស្រះទឹកធំមួយ ហើយបន្ទាប់មកបានបង្គាប់ឲ្យកូនស្រីចុះទឹកដកប្ញសឈូក ស្ថិតក្រោមកម្តៅថ្ងៃក្តៅហែង ដូចដែលឪពុក និងជីវិតរបស់នាង បានធ្វើដើម្បីចិញ្ចឹមជីវិត។
អស់រយៈពេល ៤ ម៉ោង ក្មេងស្រីនោះ ត្រូវបានប្រើឲ្យដកក្រអៅឈូក ក្រោមកម្តៅថ្ងៃ រហូតដល់មុខរបស់នាងឡើងស្លេក ហើយទីបំផុត ក្មេងស្រីរូបនេះទ្រាំមិនបាន ក៏បានយំខ្លាំងៗ ហើយសុំទៅរៀនវិញ ដោយបាននិយាយទៅកាន់ឪពុកថា៖ «ខ្ញុំនឹងមិនត្អូញត្អែរថា ខ្ញុំមិនចង់ទៅរៀនទៀតទេ»។
វីដេអូនឃ្លីបនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត។ មនុស្សមួយចំនួន បានគាំទ្រចំពោះវិធីប្រៀនប្រដៅកូនរបស់ឪពុករូបនេះ ដែលក្នុងនោះ គេបានលើកឡើងយ៉ាងដូច្នេះថា បើមិនចង់រៀន គឺត្រូវតែធ្វើការ។ ឪពុកធ្វើបែបនេះ ក៏ព្រោះតែចង់ឲ្យកូនដឹងថា បើមិនចង់ស៊ូទ្រាំនឹងការលំបាកក្នុងការសិក្សា គឺត្រូវតែស៊ូទ្រាំនឹងការលំបាកពីជីវិតជំនួសវិញ។
តែទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនមិនយល់ស្របទេ ដោយអ្នកខ្លះគិតថា មានកូនខំធ្វើបែបនេះ នោះឪពុកក៏ធ្វើដែរ។ រីឯអ្នកខ្លះទៀតថា ការបង្រៀនកូនតាមវិធីនេះ អាចជាការប្រឆាំងតម្លៃពលកម្មលើកុមារតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



វីដេអូ => https://weibo.com/u/5145725878?tabtype=newVideo&layerid=4762503534346627