ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុ.ករថយន្តកំពុងបត់ឆ្លងផ្លូវជិតផុត ទៅហើយចំ ចំហៀងក្រោយផ្នែកខាងស្ដាំ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកម៉ូតូខូចខាតខាងមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២២ ស្ថិតនៅចំណុចច្រកចូលរោងចក្រផលិតទឹកស្អាតនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្តដឹកទុំនិញ៣.៥តោនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-1049 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវចូលច្រករោងចក្រផលិតទឹកស្អាតនិរោធ ជិតផុតទៅហើយ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IA-2004 ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿន ជ្រុលមកបុកចំកន្ទុយចំហៀង ក្រោយខាងស្ដាំរថយន្តពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅជួយសង្គ្រោះបន្ទាន់ ចំណែករថយន្តមិនបានឈប់នោះទេ បានបើកគេចចេញពីកន្លែងកើតហេតុ យកទៅចតចោលនៅមុខឃ្លាំងមួយកន្លែង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកកន្លែងកើតហេតុធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅជំនាញចរាចរណ៍ខណ្ឌ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម







