រដ្ឋធានីគៀវ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើថវិកា រហូតដល់៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន ខណៈរុស្ស៊ី បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីគៀវ ចំពេលលោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងតែទៅបំពេញទស្សនកិច្ច និង ជួបចរចាជាមួយនឹងប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅក្នុងទីក្រុងនេះ។

សារព័ត៌មានឌឺមូស្គូថែមស៍ (The Moscow Times) របស់រុស្ស៊ី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា កងទ័ពរុស្ស៊ី បានវាយប្រហារតាមអាកាស ជាលើកដំបូង នៅក្នុងរយៈពេលជិត២សប្ដាហ៍មកនេះ នៅភាគខាងលិច រដ្ឋធានីគៀវ ។ ការវា.យប្រ.ហារនេះ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ បានកើតឡើង ក្រោយពេលប្រធានអង្គការសហប្រជាជាតិ ហៅកាត់ UN បានអញ្ជើញទៅពិនិត្យមើលស្ថានភាព នៅក្នុងទីក្រុងប៊ូចា (Bucha) និង នៅតាមកន្លែងផ្សេងទៀត នៃជាយរាជធានី ជាទីដែលមានសេចក្ដីរាយការណ៍ អំពីការស.ម្លាប់យ៉ាងរង្គាល លើជនស៊ីវិល រហូតនាំឲ្យមានការចោទប្រកាន់ អំពីបទ«ឧក្រិដ្ឋកម្មសង្គ្រាម» ប្រឆាំងនឹងក្រុងមូស្គូ។
ក្រោយពេលជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីជំរុញឲ្យមានការជម្លៀសជនភៀសខ្លួន ដែលកំពុងតែជាប់ នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីយូប៉ូល នោះមក លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអញ្ជើញមកកាន់រដ្ឋធានីគៀវ ដើម្បីជួបចរចាជាមួយនឹងលោក ហ្សេឡែនស្គី ដើម្បីជំរុញឲ្យភាគីរុស្ស៊ី និង អ៊ុយក្រែន ឈានដល់ការចរចាសន្ដិភាព។
ក្រុមរដ្ឋអាជ្ញាអ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនកំពុងតែស៊ើបអង្កេត លើមន្រ្ដីទាហានរុស្ស៊ី ចំនួន១០នាក់ ដោយសារមានការសង្ស័យ ពាក់ព័ន្ធនឹងអំពើឃោរ.ឃៅ នៅក្នុងទីក្រុងប៊ូចា (Bucha) ជាទីរកឃើញសាកសពរបស់ជនរងគ្រោះ រាប់សិបនាក់ ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល ក្រោយពេលកងទ័ពរុស្ស៊ី បានដកថយ។ ក្រុមរដ្ឋអាជ្ញា ក៏បានបានកំណត់ អំពីបទឧក្រិដ្ឋកម្មសង្គ្រាម ជាង ៨ ០០០ករណី ដែលត្រូវចោទប្រកាន់។

ដោយឡែក អ្នកនាំពាក្យ យោធារុស្ស៊ី បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា កងទ័ពក្រុងមូស្គូ បានវា.យប្រ.ហារតាមអាកាស ប្រឆាំងនឹងគោលដៅយោធា ចំនួន៣៨ ដោយបានបំផ្លាញឃ្លាំងអាវុធ ចំនួន៧កន្លែង។ ប៉ុន្ដែការអះអាងរបស់រុស្ស៊ី មិនត្រូវបានក្រុងគៀវ ឆ្លើយតបភ្លាមៗ នៅឡើយ។
លោក វីតាលី គ្លីតស្កូ (Vitali Klitschko) អភិបាលក្រុងគៀវ និង ជាអតីតអ្នកប្រដាល់អាជីព បានបញ្ជាក់ថា «ការវា.យប្រ.ហាររបស់រុស្ស៊ី ចំនួន២កន្លែង ស្ថិតក្នុងសង្កាត់សែវឆែនកូវស្គី (Shevchenkovsky) គឺធ្វើឲ្យខូចខាតជាន់ខាងក្រោម នៃអគារលំនៅឋាន ដោយបានបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែស្ថានភាពរងរបួសរបស់ពួកគេ មិនទាន់ដឹងច្បាស់នៅឡើយ។ នេះជាសកម្មភាពវា.យប្រ.ហារថ្មីរបស់រុស្ស៊ី នៅក្នុងអំឡុងពេលប្រមុខ UN មកបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីគៀវ។
ដោយឡែក នៅឯរដ្ឋធានីវ៉ាស៊ីនតោន ឯណោះវិញ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យតំណាងរាស្រ្ដ អនុម័តនូវកញ្ចប់ថវិកាជំនួយដ៏ធំរបស់គាត់ ក៏ដូចជា ការស្នើច្បាប់ថ្មី សម្រាប់អនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិទាំងអស់ ដែលត្រូវបានដកហូត ពីមន្ត្រីរដ្ឋការរុស្ស៊ី ដើម្បីផ្តល់សំណងដល់អ៊ុយក្រែន ទូទាត់ដល់ការការខូចខាត ដោយសារសង្គ្រាម ចាប់តាំងពីក្រុងម៉ូស្គូ បានលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើកញ្ចប់ថវិកា រហូតដល់៣៣ពាន់លានដុល្លារ។ នៅក្នុងចំណោមសំណើថវិកាដ៏មហាសាលនោះ គឺ២០ពាន់លានដុល្លារ សម្រាប់គ្រឿងយុទ្ធោបករណ៍ និង ជំនួយសន្ដិសុខផ្សេងទៀត ខណៈ៨,៥ពាន់លានដុល្លារ នឹងក្លាយជាជំនួយសេដ្ឋកិច្ច ដើម្បីជួយដល់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងវិបត្ដិនេះ៕រក្សាសិទ្ធិដោយ៖សារាយSN








