Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកណ្ដាល បានផ្អាកអាជីវកម្មជីករណ្តៅដីមួយកន្លែង ដែលមិនទាន់មានអាជ្ញាធរ ចេញអាជ្ញាប័ណ្ណឲ្យដើម្បីធ្វើអាជីវកម្ម

កណ្តាល ៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចម្រុះរួមមាន មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ចុះមកពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ដើម្បីត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណជាដើម។

ក្នុងការចុះមកពិនិត្យនេះ ក្រុមការងារចម្រុះបានពិនិត្យឃើញថា ដីរបស់ម្ចាស់អាជីវកម្មគឺបានទិញពីប្រជាពលរដ្ឋ ការជីករណ្ដៅដីនេះ ម្ចាស់អាជីវកម្មបានជីកចំនួន ២រណ្ដៅ ស្របតាមលក្ខណៈបច្ចេកទេស ប៉ុន្តែមួយរណ្ដៅមានច្បាប់អនុញ្ញាត ហើយមួយរណ្តៅទៀត កំពុងតែដាក់ពាក្យស្នើសុំមករដ្ឋបាលខេត្ត។

នាឱកាសនោះដែរ ក្រុមការងារចម្រុះ របស់អាជ្ញាធរខេត្ត បានតម្រូវឱ្យម្ចាស់អាជីវកម្មអាចជីកដីដែលមានអាជ្ញាប័ណ្ណ ដោយឡែកសម្រាប់រណ្ដៅដែលមិនទាន់ទទួលបានអាជ្ញាប័ណ្ណ សូមផ្អាកសិនរង់ចាំដល់អាជ្ញាធរចេញអាជ្ញាប័ណ្ណជូនទើបអាចបន្តជីកបាន។
ក្រុមការងារចម្រុះខេត្តក៏បានបានអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដល់ម្ចាស់រណ្តៅដី ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន រាល់ការដឹកជញ្ជូនត្រូវមានការគ្របឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ ជាពិសេសត្រូវធ្វើអាជ្ញាប័ណ្ណថ្មីឱ្យបានរួសរាន់ បើសិនជាអាជ្ញាប័ណ្ណចាស់អស់សុពលភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×