ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(អ.ព.ប) បានមានប្រសាសន៍ថា ក្នុងខែមេសានេះមានពាក្យប្តឹង ចំនួន៥២ ត្រូវបានដាក់ចូលប្រជុំវិភាគ ក្នុងនោះពាក្យប្តឹងចំនួន ២៩ ត្រូវបានពិនិត្យស្រាវជ្រាវដល់មូលដ្ឋាន ស្តាប់ការបំភ្លឺ-ពិនិត្យឯកសារពីភាគីរងការចោទប្រកាន់ ឃើញថាមិនមានពាក់ព័ន្ធដល់ សមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី១១ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបើកមើលឯកសារទ្រព្យសម្បត្តិ និងបំណុល តាមសំណូមពរស៊ើបអង្កេត ១៤ករណី។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ពាក្យប្តឹងដែលមានក្នុងខែមេសានេះមាន ចំនួន៥២ ត្រូវបានដាក់ចូលប្រជុំវិភាគ ក្រោយពីបានទទួល ១ ឬ ២ ថ្ងៃ។ ពាក្យប្តឹងចំនួន ២៩ អង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យស្រាវជ្រាវដល់មូលដ្ឋាន ស្តាប់ការបំភ្លឺ-ពិនិត្យឯកសារពីភាគីរងការចោទប្រកាន់ ឃើញថាមិនមានពាក់ព័ន្ធដល់ សមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយ នោះទេ។
ពាក្យប្តឹង ចំនួន ១១ ត្រូវបានស្រាវជ្រាវរកឃើញថា មិនមានដូចការសង្ស័យរបស់ម្ចាស់បណ្តឹងទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបដល់ម្ចាស់បណ្ដឹងវិញនូវលទ្ធផល នៃការស្រាវជ្រាវទាំងនេះ។ ពាក្យប្ដឹងចំនួន ២៨ កំពុងរងចាំការបំភ្លឺពីសាម៉ីសា្ថប័ន/សាម៉ីខ្លួន រងការចោទប្រកាន់ អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅឱ្យមកបំភ្លឺផ្ទាល់នៅអង្គភាព នូវជនពាក់ព័ន្ធទៅនឹងពាក្យប្តឹងចំនួន ៣។

ចំពោះការងារអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ បានផលិតវីដេអូអំពីសកម្មភាពការងារពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីផ្សព្វផ្សាយជូនសាធារណជនតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក-ទូរទស្សន៍-វិទ្យុ និងកាសែត ។ល។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកវគ្គបណ្តុះបណ្តាលច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់កម្មសិក្សាការី វគ្គសុក្រឹតការវិជ្ជាជីវៈមេធាវី។
ការងារទប់ស្កាត់ អង្គភាពប្រឆាំងអំពើពុករលួយ បានសង្កេតការណ៍លើដំណើរការប្រឡង ជ្រើសរើសចៅក្រមផ្ទៃក្នុង ជំនាន់ទី២ និងបានពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារនៃការធ្វើលទ្ធកម្ម សាធារណៈចំនួន ១៤៣ គម្រោង នៃអង្គភាពលទ្ធកម្មរាជធានី-ខេត្ត-ក្រសួង-ស្ថាប័ន -មន្ទីរ និងអង្គភាពនានាចំនួន ៤៦។

អង្គភាពប្រឆាំងអំពើពុករលួយ បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីរបស់ខ្លួនចំនួន ០៤វគ្គ ក្នុងនោះវគ្គបណ្តាលក្នុងប្រទេសចំនួន ៣ វគ្គ (១-វគ្គបណ្តុះបណ្តាលស្តីពីសុចរិតភាពមន្ត្រីរាជការ សាធារណៈ – ការប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធិភាព និងច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ ២- វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះកុំព្យូទ័រ និង ៣ វគ្គបណ្តុះបណ្តាលស្តីពី ផែនការនិរន្តរភាពការងារ និងទទួលបានការបណ្ដុះបណ្ដាលក្រៅប្រទេសចំនួន ០១ វគ្គ ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (UNITAR) គឺ វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការកសាងសង្គមប្រកបដោយតម្លាភាព។ ក្រៅពីការងារបណ្ដុះបណ្ដាល អង្គភាពប្រឆាំងអំពើ ពុករលួយ បានប្រជុំផ្ទៃក្នុង និងប្រជុំអន្តរក្រសួង លើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើ ពុករលួយ (ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម – ការស៊ើបអង្កេត – ការបង្ការ ទប់ស្កាត់ការធ្វើលទ្ធកម្មមិនត្រឹមត្រូវ – ការអនុវត្តកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ល។ ចំនួន ២៨ លើក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









