រដ្ឋធានីគៀវ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅក្នុងអស់រយៈពេលជាង២ខែ កន្លងមកនេះ ក្រុងមូស្គូ បានចំណាយលើមីស៊ីល អស់ជាង៧ពាន់លានដុល្លារសហរដ្ឋអាមេរិក និងធ្វើឲ្យខូចខាតដល់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធ ជាង៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា សារព័ត៌មាន The Kyiv Independent បានរាយការណ៍ថា កម្លាំងរុស្ស៊ី បានបា.ញ់មីស៊ីល មានតម្លៃ ៧,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះ ត្រូវបានរាយការណ៍ ដោយការគណនា ពីទស្សនាវដ្តី Forbes បន្ទាប់ពីកំណត់ប្រភេទមីស៊ីល ដែលបា.ញ់ ដោយកងទ័ពរុស្ស៊ី។

ប៉ូឡូញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានរៀបចំជាស្រេច សម្រាប់ការពារដែនអាកាសរបស់ប្រទេសស្លូវ៉ាគី (Slovakia) ប្រសិនបើក្រុងប្រាទីស្លាវ៉ា (Bratislava) យល់ព្រមប្រគល់យន្ដហោះចម្បាំង ប្រភេមីគ-២៩ (MiG-29) ទៅឲ្យប្រទេសអ៊ុយក្រែន ដែលហែកហួរ ដោយសារសង្គ្រាម។ កាលពីដើមខែនេះ ស្លូវ៉ាគី បានបញ្ជាក់ថា ក្រុងប្រាទីស្លាវ៉ា អាចពិចារណា លើការផ្គត់ផ្គង់យន្ដហោះចម្បាំង ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន សម្រាប់ការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី ប្រសិនបើមានការធានាដល់សុវត្ថិភាព ដល់ដែនអាកាសរបស់ខ្លួន។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា លោក ដេវីដ ម៉ាលផាស (David Malpass) ប្រធានធនាគាពិភពលោក បានថ្លែង នៅក្នុងសន្និសីទមួយ ស្ដីអំពីជំនួយហិរញ្ញវត្ថុរបស់អ៊ុយក្រែន ថា ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការឈ្លានពានរបស់រុស្ស៊ី បានបណ្ដាលឲ្យប្រទេសអ៊ុយក្រែន ខូចខាត ទៅលើសំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធ មានតម្លៃ ៦០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា ប្រមុខធនាគារពិភពលោក រូបនេះ បានអះអាងថា ការវាយតម្លៃនេះ មិនទាន់រាប់បញ្ចូល លើការចំណាយផ្នែកសេដ្ឋកិច្ច ដែលប្រឈមមុខនឹងសង្រ្គាម កំពុងតែបន្ដនោះឡើយ។ ដូច្នេះ ការចំណាយ និង ការខាតបង់ ក៏កំពុងតែបន្ដកើនឡើងទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN








