ភ្នំពេញ៖ គម្រោងសាងសង់ផែនេសាទទាំង២នេះ ស្ថិតក្នុងគម្រោង «ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព» របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងការដំណើរការគម្រោងទាំងមូល។
ក្រោយចុះសិក្សាទីតាំងជាច្រើនកន្លែង នៅតំបន់ជាប់មាត់សមុទ្រនៃខេត្តកែប ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី និងអាជ្ញាធរក្រុងស្រុក រួមជាមួយមន្រ្តីជំនាញខេត្ត បានឯកភាពគ្នាក្នុងការយកទីតាំងចំនួន២ សម្រាប់សាងសង់កំពង់ផែនេសាទស្តង់ដារ ដោយមួយកន្លែងនៅជាប់ផ្សារក្តាម ស្ថិតក្នុងក្រុងកែប និងមួយកន្លែងទៀតនៅទីតាំងផែ គង់យន ស្ថិតក្នុងស្រុកដំណាក់ចង្អើរ។
បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកែប កំពុងពន្លឿនការសិក្សាលើគម្រោងសាងសង់ និងកែសម្រួលកំពង់ផែនេសាទស្តង់ដារចំនួនពីរនេះ ក្រោមហិរញ្ញប្បទានរបស់ ADB ដោយរដ្ឋបាលខេត្តកែប និងក្រុមការងាររបស់ ADB កំពុងពិភាក្សាគ្នា លើការសាងសង់កំពង់ផែនេសាទថ្មីមួយ នៅជាប់ទីតាំងផ្សារក្តាម និងកែប្រែពង្រីកទីតាំងកំពង់ផែ គង់យនដែលមានស្រាប់ ឲ្យក្លាយទៅជាកំពង់ផែនេសាទស្តង់ដារ។
លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក បានឲ្យដឹងថា គម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង ២នេះ ស្ថិតក្នុងគម្រោង ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព របស់ ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា ដូចនេះការទាក់ទាញថវិកាសម្រាប់មកអភិវឌ្ឍន៍ខេត្តនីមួយៗបានច្រើនប៉ុណ្ណា អាស្រ័យលើភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំខេត្តសាមី។
គួរបញ្ជាក់ថា បើតាមអភិបាលរងខេត្តកែប ក្រៅតែពីគម្រោងសាងសង់កំពង់ផែនេសាទទាំងពីរនេះ ភាគីទាំងពីរក៏កំពុងពិភាក្សាគ្នា លើការសាងសង់ការិយាល័យរដ្ឋបាលជលផល គម្រោងស្តារឡើងវិញ និងអភិរក្សព្រៃកោង និងគម្រោងអភិរក្សស្មៅសមុទ្រជាដើម៕