Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក បារាំង និង អង់គ្លេស បញ្ចេញនាវាបំពាក់នុយក្លេអ៊ែរ ចំពេលមានភាពតានតឹងរវាងណាតូ និង រុស្ស៊ី

រាជធានីឡុងដ៍៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង បារាំង បានបញ្ចេញនាវាមុជទឹក បំពាក់ដោយនុយក្លេអ៊ែរ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ និង រុស្ស៊ី។

សារព័ត៌មានអឺរ៉ាសៀន ថែមស៍ (Eurasian Times) បានផ្សាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង បារាំង បានបញ្ជូននាវាមុជទឹក បំពាក់ដោយនុយក្លេអ៊ែរ ទៅឈរជើង នៅក្នុងមូលដ្ឋានទ័ពជើងទឹករបស់ព្រះមហាក្សត្រិយានី Clyde ស្ថិតក្នុងទីក្រុងហ្វាស្លែន (Faslane ) ជិតទីក្រុងហ្លាស្គូវ (Glasgow) ប្រទេសស្កុតឡែនដ៍ (Scotland) ។ សកម្មភាពរបស់មហាអំណាចលោកខាងលិចទាំង៣ប្រទេសនេះ បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាង អង្គការណាតូ និង រុស្ស៊ី ។

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ថា ក្រុងបារីស នឹង «បង្កើន» នូវការផ្គត់ផ្គង់ជំនួយយោធា និង មនុស្សធម៌បន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ បារាំង ក៏បានដឹកជញ្ជូនសម្ភារយោធាទ្រង់ទ្រាយធំ ជួយដល់អ៊ុយក្រែន សម្រាប់ទប់ទល់ ប្រឆាំងនឹងទាហានរុស្ស៊ី។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង បារាំង ហើយសម្ពន្ធមិត្ត បានផ្ដល់ជំនួយយោធាយ៉ាងច្រើន ដែលមានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន សម្រាប់ធ្វើជាមធ្យោបាយ វាយប្រហារ ទប់ទល់នឹងរុស្ស៊ី។ សកម្មភាពបែបនេះ បាន និង កំពុងតែរារាំងដល់មហិច្ឆតារបស់ក្រុងមូស្គូ នៅក្នុងការលេបត្របាក់ យកប្រទេសអ៊ុយក្រែន ទើបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ខឹងសម្បាយ៉ាងខ្លាំង ហើយគំរាមកំហែង អំពីលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែរ។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន តែងតែគំរាមកំហែង ជាញឹកញាប់ដល់ប្រទេសណាមួយ ហ៊ានលូកដៃចូល នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ហើយថែមទាំងបានព្រមាន អំពីលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែរផងដែរ។ ប៉ុន្ដែថ្វីបើបណ្ដាប្រទេសមហាអំណាចលោកខាងលិច មិនឆ្លើយតបនឹងសង្គ្រាមវោហារសាស្រ្ដ តបតវិញយ៉ាងណាក្ដី តែអ្នកការទូតសហរដ្ឋអាមេរិក គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈរួចរាល់អស់ហើយ។

ដោយឡែក នាវាមុជទឹកវាយប្រហារដោយនុយក្លេអ៊ែរ USS Indiana ប្រភេទ Virginia-class ត្រូវបានគេមើលឃើញថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានធ្វើនាវាចរណ៍ ឆ្ពោះទៅកាន់មូលដ្ឋានទ័ពជើងទឹក Clyde ។ សកម្មភាពរបស់នាវាមុជទឹកសហរដ្ឋអាមេរិក នាពេលនេះ បានកើតឡើង រយៈពេល១ថ្ងៃ បន្ទាប់ពីនាវាមុជទឹក វាយប្រហារដោយនុយក្លេអ៊ែរជាច្រើនគ្រឿង ប្រភេទ Rubis របស់កងទ័ពជើងទឹកបារាំង ត្រូវបានគេប្រទះឃើញ នៅក្នុងតំបន់នោះដែរ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ទាក់ទងនឹងនាវាមុជទឹកទាំងនេះ នៅឡើយ។ ដោយឡែក នៅមូលដ្ឋានកងទ័ពជើងទឹក Clyde ដែលជាទីតាំងរបស់កងទ័ពជើងទឹកចក្រភពជាច្រើនគ្រឿង ដោយរួមទាំង នាវាមុជទឹក ប្រភេទ Vanguard-class ដែលដើរដោយថាមពលនុយក្លេអ៊ែរ និង នាវាមុជទឹក វាយប្រហារ ប្រភេទ Astute class ផងដែរ។

សកម្មភាពនាវាមុជទឹក បំពាក់ដោយនុយក្លេអ៊ែររបស់លោកខាងលិចទាំង៣ប្រទេសនេះ បានកើតឡើង ក្រោយពេលវិមានក្រឹមឡាំង បានព្រមានដល់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងការផ្ដល់ជំនួយយោធា ជួយដល់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីមានការគំរាមកំហែងបែបនេះ ក៏មានរបាយការណ៍ផ្សព្វផ្សាយថា ចក្រភពអង់គ្លេស បានបំពាក់មីស៊ីលជាច្រើន នៅលើនាវា HMS ដែលជានាវាមុជទឹកដើរដោយនុយក្លេអ៊ែររបស់កងទ័ពជើងទឹកចក្រភពអង់គ្លេស កំពុងតែចត នៅកោះហ្គីប្រាល់តា (Gibraltar) ជាដែនដី នៅឯនាយសមុទ្ររបស់អង់គ្លេស នៅជិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រភេទ USS Georgia ដែលបានទៅដល់ទីនោះ កាលពីសប្តាហ៍មុន។

នាវាមុជទឹក ប្រភេទ Virginia-Class ក៏ដូចជា នាវាមុជទឹកផ្សេងទៀត មកពីសហរដ្ឋអាមេរិក បានចូលចតជាញឹកញាប់ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក Clyde ព្រោះវាជាកំពង់ផែរបស់សម្ពន្ធមិត្តមួយ នៅក្នុងចំណោមកំពង់ផែរបស់សម្ពន្ធមិត្តមួយចំនួនទៀត នៅទ្វីបអឺរ៉ុប ដែលមានសមត្ថភាពគ្រប់គ្រងដល់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ថា គោលបំណងរបស់នាវាមុជទឹក USS Indiana បានធ្វើនាវាចរណ៍ ទៅកាន់មូលដ្ឋានកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេស HMNB Clyde នោះ ក៏ដើម្បីបង្កើននូវកិច្ចសហប្រតិបត្ដិការ រវាង សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ក៏ដូចជា ការបង្ហាញ អំពីសមត្ថភាព ការបត់បែន និង ការបន្តនូវការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ជួយដល់សម្ពន្ធមិត្តរបស់អង្គការណាតូ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×