រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលពិភពលោក កំពុងតែប្រឈមមុខយ៉ាងខ្លាំង ជាមួយនឹងបញ្ហាការឡើងថ្លៃសាំង ដោយសារសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន នោះ ក្រុងវ៉ាស៊ីនតោន បានរិះរកគ្រប់មធ្យោបាយ ជួយដល់ប្រជាពលរដ្ឋ ឲ្យចំណាយតិច នៅក្នុងការធ្វើដំណើរ ហើយកំណត់គោលដៅ នៅត្រឹមឆ្នាំ២០៣០ ត្រូវតែមានរថយន្ដអគ្គិសនី យ៉ាងតិចត្រឹមពាក់កណ្ដាល លក់ នៅលើទឹកដីសហរដ្ឋអាមេរិក ទើបរដ្ឋការរបស់លោក បៃដិន បានចំណាយថវិកាជាតិ ជាង៣ពាន់លានដុល្លារ សម្រាប់ផលិតអាគុយរថយន្ដអគ្គិសនី (EV)។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ថា មន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ថា រដ្ឋការរបស់លោក ចូ បៃដិន នឹងបែងចែកមូលនិធិហេដ្ឋារចនាសម្ព័ន្ធ ជាង៣ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការផលិតអាគុយរថយន្តអគ្គិសនី (EV) ។
បើតាមទីភ្នាក់ងារនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ក្រសួងថាមពលសហរដ្ឋអាមេរិក នឹងត្រូវបែងចែកមូលនិធិនេះ ចេញពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធ ដែលបានអនុម័ត ចំនួន១ពាន់ពាន់លានដុល្លារ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ចុះហត្ថលេខា កាលពីឆ្នាំ២០២១។ ក្នុងចំណោមគំនិតផ្តួចផ្តើមនានា នឹងត្រូវបានកែច្នៃសារធាតុរ៉ែ សម្រាប់ប្រើប្រាស់ នៅក្នុងអាគុយ ដែលមានសមត្ថភាពខ្ពស់ និង ការកែច្នៃអាគុយចាស់ៗឡើងវិញ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មានគោលបំណង់ចង់ឲ្យការលក់រថយន្ដ ចំនួនពាក់កណ្ដាល នៅលើទឹកដីសហរដ្ឋ ប្រើប្រាស់រថយន្ដអគ្គិសនី នៅត្រឹមឆ្នាំ២០៣០។ លោកប្រធានាធិបតីសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញដល់ការងារផលិតកម្មសហជីព នៅតាមរដ្ឋនានា ជាសមរភូមិប្រកួតប្រជែងដ៏សំខាន់ រារាំងដល់ការប្រកួតប្រជែងរបស់ចិន នៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និង កាត់បន្ថយការបំភាយកាបូន ដើម្បីផ្លាស់ប្តូរអាកាសធាតុ។

រដ្ឋការរបស់សហរដ្ឋអាមេរិក កំពុងតែដាក់ចេញនូវវិធានការ ជាជំហានៗ ដើម្បីធានា អំពីឯករាជភាព លើថាមពល និង កាត់បន្ថយសម្ពាធអតិផរណា នៅក្នុងរយៈពេលវែង ដែលកើនឡើង កាន់តែធ្ងន់ធ្ងរ ដោយសារការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក មីត ឡែនឌ្រៀវ (Mitch Landrieu) អ្នកសម្របសម្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់សេតវិមាន បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងសន្និសីទដ៏ខ្លីមួយថា «នៅពេលយើងប្រឈមមុខនឹងការដំឡើងថ្លៃប្រេង និង ឧស្ម័នរបស់ពូទីន ហើយវាក្លាយជារឿងដ៏សំខាន់ផងដែរ នៅក្នុងការកត់សម្គាល់ថា រថយន្តអគ្គិសនី នឹងមានការចំណាយតិចជាង នៅក្នុងការធ្វើដំណើរផ្លូវឆ្ងាយ សម្រាប់គ្រួសារអាមេរិក។ នេះក៏ជាសារមួយជូនដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ៕ រក្សាសិទ្ធិដោយ ៖ សារាយSN









