ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ហើយក៏ជាអនុប្រធានទី១ នៃគណៈកម្មាធិការ ជាតិជំរុញចលនាភូមិ១ ផលិតផល១ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ឋ បន្តសកម្មភាពជំរុញចលនាភូមិ១ ផលិតផល ១ ឱ្យកាន់តែសកម្មថែមទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ គាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករកម្ពុជា ក្នុងគោលដៅកែលម្អគុណភាព ជីវិត និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បើយោងតាមក្រសួងពាណិជ្ជកម្ម គម្រោងអភិវឌ្ឍអាជីវកម្ម និងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក សហគ្រាស មីក្រូ និង SME បានផ្តួចផ្តើមឡើង ដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញ ចលនាភូមិ១ ផលិតផល១ សហការជាមួយអង្គការ OXFARM ក្នុងរយៈពេល ៨ ខែ ដោយ ចាប់ផ្តើមពីខែមេសា ដល់ ខែធ្នូ ឆ្នាំ ២០២២ ក្នុងខេត្តគោលដៅ ចំនួន ៨ គឺខេត្តកំពត តាកែវ ព្រះសីហនុ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និង ភ្នំពេញ ហើយនិងពិភាក្សារកដៃគូ៣ ទៀត គឺ អង្គការតម្លាភាព អន្តរជាតិ គ្រឹះស្ថានមីក្រូ L.O.L.C, និង ក្រុមហ៊ុន Cambrew ដើម្បីពង្រីកទៅ ៣ ខេត្តទៀត គឺ ខេត្តស្វាយរៀង កំពង់ឆ្នាំង និង ឧត្តរមានជ័យ។
គួរបញ្ជាក់ថា ការជួយលើកកម្ពស់ផលិតផលខ្មែរ គឹលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និង សហគមន៍ ដែលបាន និង កំពុងផលិតនូវផលិតផលនានា នៅតាមសហគមន៍ និង សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា៕