កោះកុង ៖ ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកោះកុង ដែលអមដំណើរដោយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋថា សូមកុំមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព នៅពេលចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ ដែលអ្នកខ្លះថា ចាក់ច្រើនដូសជាបន្ដបន្ទាប់នាំប៉ះពាល់ដល់សុខភាព គឺមិនមែនអញ្ចឹងទេ, ព្រោះវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់នេះ គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដូច្នេះមិនអាចប៉ះពាល់ដល់សុខភាពនោះទេ។

លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេសផងនោះ បានថ្លែងថា ខ្ញុំសូមជម្រាបជូនថា ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ មិនមែនចាក់ទៅធ្វើឲ្យប៉ះពាល់សុខភាពនោះទេ គឺចាក់ទៅដើម្បីការពារបងប្អូនពីការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ-១៩ ហើយវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ព្រោះការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺជាវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គភាពសុខភាពពិភពលោក។
លោកជំទាវវេជ្ជបណ្ឌិត ទទួលខុសត្រូវលើការចាក់វ៉ាក់សាំងរូបនេះបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមានពេលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញចាក់នោះទេ ដូច្នេះការចាក់ដូសជំរុញនេះ មិនមានប៉ះពាល់ណាមួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ។ វ៉ាក់សាំងកូវីដ-១៩ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ គឺនៅពេលចាក់ទៅ នឹងជួយពង្រឹងប្រព័ន្ធភាពស៉ាំរបស់បុគ្គលម្នាក់ៗ ឲ្យកាន់តែខ្លាំង ទប់ស្កាត់មិនឱ្យវីរុសវិវឌ្ឍន៍ធ្ងន់ធ្ងរនៅពេលយើងឆ្លងជំងឺនេះ, អីចឹងទេ សូមប្រជាពលរដ្ឋ ត្រូវតែទៅចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា ក្នុងគម្លាតពេលវេលាកំណត់ចាប់ពី៤ខែឡើងទៅ៕ ពិសិដ្ឋ CEN














