Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជករនៅតាមបណ្ដាខេត្តមួយចំនួន នៅមិនទាន់យល់ដឹងពីច្បាប់ការធ្វើអាជីវកម្មនៅឡើយ

spot_img

ភ្នំពេញ៖ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែនៅមានសមាជិក សមាជិកាពាណិជ្ជករនៅតាមបណ្ដាខេត្តភាគមួយចំនួននៅមិនទាន់បានយល់ដឹងពីច្បាប់ការធ្វើអាជីវកម្មនៅឡើយ។  

ដើម្បីឱ្យពាណិជ្ជករទាំងអស់បានយល់ដឹងពីច្បាប់ការធ្វើអាជីវកម្ម សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣ ឧសភា ឆ្នាំ ២០២២ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពីការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្លូវច្បាប់ ធ្វើឱ្យអាជីវ​កម្ម​ដំណើរការប្រកបដោយចីរភាព និងរួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្ម។

សភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត  ដើម្បីគៀគរអ្នកវិនិយោគជាតិ អន្តរជាតិ  ទៅវិនិយោគផ្ទាល់ដល់ខេត្ត។

មន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យពាណិជ្ជករទាំងអស់ ស្វែងយល់ពីច្បាប់ការធ្វើអាជីវកម្មនេះ ដើម្បីចៀសវាងជួបបញ្ហាប្រឈមចំពោះមុខច្បាប់។ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រុញឱ្យមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងណាផ្សព្វផ្សាយច្បាប់ទាំងអស់នេះ ឲ្យបានទូលំទូលាយដល់ពាណិជ្ជករឲ្យយល់ដឹងពីសិទ្ធិក្នុងការធ្វើពាណិជ្ជកម្ម ពីច្បាប់ការពារ និងកាតព្វកិច្ចរបស់ខ្លួន ជាពិសេសច្បាប់មួយចំនួនបានការពារដល់ប្រជាពលរដ្ឋ ដូចជាច្បាប់ការពារអ្នកប្រើប្រាស់ជាដើម ដូច្នោះដើម្បីឲ្យការធ្វើពាណិជ្ជកម្ម បានជោគ​ជ័យ និងមិនប្រឈមបញ្ហាផ្លូវច្បាប់ គម្បីពាណិជ្ជករ ត្រូវសិក្សាស្វែងយល់ពីច្បាប់នានាឲ្យបានច្បាស់លាស់។

មន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន និងរាជរដ្ឋាភិបាល គឺជាដៃគូមិនអាចខ្វះបាន ហើយដើម្បីលើកទឹកចឹត្តដល់វិស័យឯកជន រាជរដ្ឋាភិបាល បានអនុញ្ញាតដល់សភាពាណិជ្ជកម្មនៅតាមបណ្ដាលខេត្ត ជួបប្រជុំចចារជាមួយគណអភិបាលខេត្ក លើការយកពន្ធ ឬសម្របសម្រួលលើការធ្វើពាណិជ្ជកម្មនៅក្នុងខេត្តរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត៕

spot_img
×