រដ្ឋធានីវ៉ាស៊ីនតោន៖ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ខែកន្លងមកនេះ ក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្ត បានផ្ដល់ជំនួយយោធាដល់ក្រុងគៀវ មានតម្លៃរាប់ពាន់លានដុល្លារ ហើយឥឡូវនេះ លោក ចូ បៃដិន កំពុងតែជំរុញដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក បង្កើនល្បឿននូវការអនុម័តកញ្ចប់ជំនួយយោធាថ្មី មានតម្លៃ ជាង៣០ពាន់លានដុល្លារ សម្រាប់ជួយអ៊ុយក្រែន តាមអ្វីដែលលោកប្រធានាធិបតី ចូ បៃដិន ចាត់ទុកជាការវិនិយោគ ដោយផ្ទាល់ នៅក្នុងកិច្ចការពារលទ្ធិប្រជាធិបតេយ្យ ដើម្បីយកជ័យជម្នះលើពួកផ្ដាច់ការ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ខែកន្លងមកនេះ យើងបានបញ្ជូនជំនួយសន្ដិសុខ ជាង៣ពាន់លានដុល្លារ ជួយដល់ក្រុងគៀវ។ ចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់ទាំងនេះ គ្រាន់តែជាជំនួយរបស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ ដោយមិនទាន់បានគិត បូកបញ្ចូលទាំងជំនួយរបស់សម្ពន្ធមិត្តរបស់យើងនោះឡើយ»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមថា «ជំនួយទាំងអស់នោះ ជាការវិនិយោគដោយផ្ទាល់ នៅក្នុងកិច្ចការពារសេរីភាព និង លទ្ធិប្រជាធិបតេយ្យ តែប៉ុណ្ណោះ ព្រោះថា ប្រសិនបើអ្នកមិនក្រោកឈរ ប្រឆាំងនឹងមេដឹកនាំផ្តាច់ការនោះទេ ប្រវត្តិសាស្ត្របានបង្ហាញយើងថា មេដឹកនាំផ្ដាច់ការ នឹងបន្តកាន់កាប់អំណាច … ហើយមហិច្ឆតារបស់ពួកគេ ចង់បានអំណាច នៅតែបន្តកើតមានឡើង។ ទន្ទឹមគ្នានេះ កម្លាំងទាហានអ៊ុយក្រែន កំពុងតែធ្វើឲ្យយោធារុស្ស៊ី វង្វេងនៅក្នុងករណីជាច្រើន ជាមួយនឹងជំនួយយោធា ផ្ដល់ពីសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវនាវដល់ព្រឹទ្ធសភា ត្រូវបានអនុម័តនូវសំណើកញ្ចប់ជំនួយយោធាថ្មី មានទឹកប្រាក់ចំនួន៣៣ពាន់លានដុល្លារ ឲ្យបានលឿនបំផុត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ ថា «ខ្ញុំជំរុញឲ្យព្រឹទ្ធសភា អនុម័តនូវការផ្តល់មូលនិធិនេះ ឱ្យបានឆាប់រហ័ស សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្តវាយសន្ធាប់យ៉ាងខ្លាំង មកលើប្រទេសអឺរ៉ុបខាងកើតមួយនេះ។ សំណើកញ្ចប់ជំនួយ មានទឹកប្រាក់៣៣ពាន់លានដុល្លារនេះ ខ្ញុំបានបញ្ជូនទៅកាន់ព្រឹទ្ធសភា កាលពីសប្ដាហ៍មុន ដើម្បីឲ្យប្រាកដថា យើងអាចបន្ដបញ្ជូនគ្រឿងយុទ្ធោបករណ៍ជួយដល់ប្រទេសអ៊ុយក្រែន ហើយបន្ដផ្ដល់ជំនួយសេដ្ឋកិច្ច និង មនុស្សធម៌បន្ថែមទៀត»។
ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានស្នើដល់ព្រឹទ្ធសភា សម្រាប់កញ្ចប់ជំនួយថ្មី មានទំហំទឹកប្រាក់ រហូតដល់៣៣ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការស្នើសុំកញ្ចប់ជំនួយដ៏ច្រើនមហាសាលរបស់លោកប្រធានាធិបតី ក៏ជាសញ្ញាមួយ បង្ហាញ អំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាយូរមកហើយ ប្រឆាំងនឹងក្រុងម៉ូស្គូ និង ភាពតានតឹងជាអន្តរជាតិ មិនទាន់មានភាពធូរស្បើយនោះឡើយ។
សំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកញ្ចប់ជំនួយ ទាំង៣៣ពាន់លាននោះ រួមមាន ទឹកប្រាក់ប្រហែល២០ពាន់លានដុល្លារ សម្រាប់ការចំណាយ លើវិស័យយោធារបស់អ៊ុយក្រែន និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់នេះ ហើយ៨,៥ពាន់លានដុល្លារទៀត សម្រាប់ទុកឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ( Volodymyr Zelenskyy) បើកប្រាក់ខែ ដល់មន្រ្ដីរដ្ឋការ និង ទីភ្នាក់ងារផ្សេងៗទៀត។
ដោយឡែក ទឹកប្រាក់ចំនួន៣ពាន់លានដុល្លារផ្សេងទៀត សម្រាប់ស្បៀងអាហារពិភពលោក និង កម្មវិធីមនុស្សធម៌ រួមបញ្ចូលទាំងលុយ សម្រាប់ជួយដល់ជនភៀសខ្លួនអ៊ុយក្រែន ដែលរត់ភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក ហើយជួយដល់កសិករអាមេរិក ផលិតស្រូវសាលី និង ដំណាំផ្សេងៗ ដើម្បីជំនួសស្បៀងអាហារដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអ៊ុយក្រន ធ្លាប់ផលិត។
កញ្ចប់ជំនួយដ៏ច្រើនបែបនេះ ត្រូវបានមន្ត្រីរដ្ឋបាលអាមេរិក ប៉ាន់ស្មានថា នឹងមានរយៈពេល៥ខែ គឺចំនួនច្រើនជាងពីរដង នៃទំហំជំនួយលើកដំបូង ចំនួន១៣,៦ពាន់លានដុល្លារ ដែលសភាសហរដ្ឋអាមេរិក បានអនុម័ត កាលពីដើមខែមុន ហើយឥឡូវនេះ កញ្ចប់ជំនួយនោះ ស្ទើរតែជិតអស់ទៅហើយ។ ជាមួយនឹងសង្គ្រាមបង្ហូរឈាម បានអូសបន្លាយ រហូតដល់ខែទី៣នេះ ក៏មានវិធានការនេះ ត្រូវបានរៀបចំឡើង សម្រាប់ផ្តល់សញ្ញាដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក និង ជំនួយផ្សេងទៀត នឹងមិនទាន់រលាយបាត់ឡើយ ហើយក្រុងមូស្គូ នឹងចាញ់សង្គ្រាមនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN








