ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងបាក់ឌុបជាប់ និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៧នាក់ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានសន្តិភាព, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកថា កម្ពុជាយើងទើបយកឈ្នះលើសមរភូមិកូវីដ-១៩ប៉ុណ្ណោះ គឺមិនទាន់ឈ្នះទាំងស្រុងលើសង្គ្រាមកូវីដ-១៩ នៅឡើយទេ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនទាន់បញ្ចប់នោះទេ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ ការពារការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយការប្រុងប្រយ័ត្នខ្ពស់ជាបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន ពន្យល់ថា ពិតមែនតែស្ថានភាពជំងឺកូវីដ-១៩ធូរស្រាលខ្លាំង ដោយគ្មានមនុស្សស្លាប់ ហើយការឆ្លងក៏មានកម្រិតតិចតួច ក្រោម១០នាក់ មានថ្ងៃខ្លះ ១ករណី ២ករណី ឬ៣ករណី, ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ យើងគ្រាន់តែបានយកឈ្នះលើសមរភូមិកូវីដ-១៩ប៉ុណ្ណោះ គឺមិនទាន់យកឈនះលើសង្គ្រាមកូវីដ-១៩ ទាំងមូលទេ, មានន័យថា សង្គ្រាមកូវីដ-១៩ មិនទាន់ចប់ឡើយ។ ជាក់ស្ដែង មានសិស្សនិទ្ទេស A ចំនួន ២នាក់ និងអាណាព្យាបាលម្នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ពេលធ្វើតេស្តរហ័ស មុនចូលរួមកម្មវិធីសំណេះសំណាលនេះ។

ស្ដីពីការយកឈ្នះលើសមរភូមិកូវីដ-១៩វិញ គឺដោយសារកម្ពុជាបានរៀបចំផែនការច្បាស់លាស់ និងត្រឹមត្រូវ ជាពិសេសបង្កើតយុទ្ធនាការ ធ្វើការចាក់ស្រោចវ៉ាក់សាំងទៅលើប្រជាជនទូទាំងប្រទេសតែម្តង ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលភាពស៊ាំនេះហើយបានធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើសកម្មភាពរស់នៅប្រកបរបរប្រចាំថ្ងៃចិញ្ចឹមជីវិតបាន និងកិច្ចការផ្សេងៗបានដោយវិជ្ជមាន ព្រមទាំងប្រទេសជាតិអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យ, ដូច្នេះ សូមជនជាតិទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



