Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២៥៖យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជិត ១៥ម៉ឺននាក់ស្នើចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស

ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅបានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) កើនដល់ជិត ១៥ម៉ឺននាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌មានជាង ៦ម៉ឺន២ពាន់នាក់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) សរុបកើនដល់ ១៤៨ ២៧២នាក់ ក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ៦២ ៥៨១នាក់ ចំណែក សិស្សដែលកំពុងសិក្សានិងបានបញ្ចប់សរុប ៨៦,៧៣០ នាក់ ដែលមានបណ្ណសមធម៌ ៤២,៣៤៣នាក់។

អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានសិស្សចំនួន ៧៩,២៨៥នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងនោះសិស្សមានបណ្ណសមធម៌ចំនួន ៣៩,១៩៩នាក់។ ជាមួយគ្នានេះ មានសិស្សចំនួន ៥១,៥៩១នាក់ទទួលបានការងារធ្វើក្នុងនោះសិស្សមានបណ្ណសមធម៌មានចំនួន ២៦,៨៦៦នាក់។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារបានលើកទឹកចិត្តដល់បងប្អូនពលករខ្មែរមកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះឱ្យបានច្រើនដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ក៏ដូចជាចូលរួមចំណែករក្សានូវស្ថេរភាពការងារ និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។លោកថា ការមានជំនាញច្បាស់លាស់បងប្អូននឹងអាចយកទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ព្រមទាំងអាចបង្កើតមុខរបរផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។

គួររម្លឹកផងដែរថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×