Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើនឡើង ក្រសួងចំនួន ៣ កំពុងពិចារណាកំណត់អាយុមនុស្សពេញវ័យអនុញ្ញាតឱ្យទទួលគ្រឿងស្រវឹង

spot_img

ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រសួងចំនួន ៣ គឺ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល កំពុងសហការគ្នាពិចារណាលើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ ព្រោះថា កន្លងមកយើងឃើញក្រុមយុវជនដែលទើបធំពេញវ័យ ចេះទទួលទានគ្រឿងស្រវឹងរួចហើយ ហើយពួកគេទាំងនោះខ្វះស្មារតីទទួលខុសត្រូវ មិនយល់ដឹងអំពីច្បាប់ចរាចរណ៍ដែលហាមឃាត់ការបើកបរក្នុងពេលស្រវឹង, ផ្ទុយទៅវិញ ពួកគេបែរជាបើកបរដោយខ្វះការទទួលខុសត្រូវ បង្កឲ្យគ្រោះថ្នាក់ខ្លួនឯង និងអ្នកដទៃជារៀងរាល់ថ្ងៃ។

នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសលោកទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅទីស្តីការក្រសួង នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាដើម តែងបានក្រើនរំលឹកអំពីវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍នេះ តាមរយៈការផ្សព្វផ្សាយ, ការរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការបង្កើតទ្រឹស្ដីពាក្យស្លោក រួមមាន ÷

អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព តាមពាក្យស្លោករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន ៖

  • ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍,
  • គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប,
  • បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់,
  • បើស្រវឹង សូមកុំបើកបរ,
  • គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ,
  • គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ,
  • ការពារជីវិតអ្នកត្រូវពាក់មួកសុវត្ថិភាព,

ទោះជាមានការអប់រំផ្សព្វផ្សាយដូចខាងលើយ៉ាងណាក្ដី ក៏គ្រោះថ្នាក់ចរាចរណ៍បានថមថយតិចតួចនៅឡើយ។

ទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១ កើតមានចំនួន ២ ៦៧០លើក មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១ ៤៩៧នាក់ និងអ្នករងរបួសចំនួន ៣ ៦១៥នាក់។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២១នេះ ត្រូវបានមន្ត្រីជំនាញរកឃើញថា ភាគច្រើន គឺដោយសារការបើកបរដោយល្បឿនលឿនចំនួន ៣៨ភាគរយ, ការមិនគោរពសិទ្ធិចំនួន ២៤ភាគរយ, ការមិនប្រកាន់ស្តាំចំនួន ១៤ភាគរយ, ការប្រជែងគ្រោះថ្នាក់ ៨ភាគរយ, បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន ៨ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយានយន្ត ៣ភាគរយ និងបើកងងុយ ១ភាគរយ។

ទាក់ទងនឹងគំគិតផ្ដួចផ្ដើមអំពីការការពារគ្រោះថ្នាក់ចរាចរណ៍នេះ មហាជនបានសម្ដែងការសាទរចំពោះការកំណត់អាយុមនុស្សពេញវ័យដែលត្រូវអនុញ្ញាតអោយទទួលទានគ្រឿងស្រវឹង, ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចត្រូវតែរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ហើយចំណែកអ្នកប្រើប្រាស់យានយន្ត និងដងផ្លូវ ក៏ត្រូវតែគោរពច្បាប់ចរាចរណ៍ជាកំហិត និងបើកបរមានការប្រុងប្រយ័ត្ន ទទួលខុសត្រូវ យោគយល់អធ្យាស្រ័យ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×