Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧក្រិដ្ឋជនគ្រឿងញៀន ជាង ១៥០គីឡូក្រាម ប្រើប្រាស់អាវុធខុសច្បាប់ ដែលបង្ក្រាបបាន ៤ ទីតាំង ក្នុងទឹកដី ៣ រាជធានី-ខេត្ត ត្រូវបានចោទប្រកាន់ជាផ្លូវការ

អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងផងនោះ លោក ប្លង់ សុផល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ ថា ក្រុមអ្នកជួញដូរគ្រឿងញៀនជាង ១៥០គីឡូក្រាម ប្រដាប់ដោយអាវុធ ត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរកាន់កាប់អាវុធ ផលិត ធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង ក្រោយបង្ក្រាបបាននៅភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ, ក្រោយចោទប្រកាន់រួចរាល់ ព្រះរាជអាជ្ញាបានបញ្ជូនសំណុំរឿង និងដីកាសន្និដ្ឋានទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី។

មុខសញ្ញា ជួញដូរ ផលិត ប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ ដែលត្រូវបង្ក្រាបបាននៅតាមទីតាំង ៤កន្លែង ក្នុងខេត្តចំនួន ៣ ខាងលើនេះ រួមមាន ÷

  • គោលដៅទី១ នៅចំណុច តាមបណ្តោយផ្លូវលំជិតស្ពាន ៧មករាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងថ្នាំញៀន ៧កញ្ចប់។
  • គោលដៅទី២ នៅចំណុច ភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងថ្នាំញៀន ១កញ្ចប់។
  • គោលដៅទី៣ នៅចំណុច មុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងថ្នាំញៀន២កញ្ចប់និងរថយន្ត១គ្រឿង។
  • និងគោលដៅទី៤ នៅចំណុច ក្បែស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ថ្នាំញៀន ៣កញ្ចប់ និងរថយន្ត១គ្រឿង។

ក្នុងពេលប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាង ដូចជា សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE), ទម្ងន់ ១៥១.៥១ក្រាម, អាវុធខ្លី ០២ដើម (ប្រភេទរ៉ូឡូ និង CZ75), រថយន្ត ០២គ្រឿង (ម៉ាកRX330 និង CAMRY)។

គួររំលឹកឡើងវិញថា ការបង្ក្រាបក្រុមឧក្រិដ្ឋជននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ប្រតិបត្តិការនេះមានការសម្របសម្រួលពី លោក ស៉ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញានៃខេត្តម្ចាស់ករណី បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅ ៤ គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ស្ថិតក្នុងរាជធានី-ខេត្តចំនួន ៣ គឺនៅ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

បើតាម លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៉ើបសួរពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, បទផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង គឺត្រូវបានចោទប្រកាន់ តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៤៨៨ មាត្រា ៤៩០ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីចោទប្រកាន់ ហើយ តំណាងអយ្យការបានបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៉ើបសួរ ដើម្បីបន្តនីតិវិធីដូចមានចែងក្នុងច្បាប់ជាធរមាន៕ ពិសិដ្ឋ CEN

×