Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនYCH GROUP និង WORLDBRIDGE GROUP បង្កើតកិច្ចសហការធ្វើការអភិវឌ្ឍរួមគ្នានូវមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

spot_img

ក្រុមហ៊ុន YCH Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាភស្តុភារ និងខ្សែច្រវាក់ផ្គត់ផ្គង់រួមឈានមុខមួយនៅក្នុងទ្វីបអាស៊ី និងក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញផ្នែកអភិវឌ្ឍន៍ភាពជាដៃគូអន្តរជាតិលើវិស័យចម្រុះនានា រួមទាំង ភ័ស្តុភារដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធភស្តុភារវៃឆ្លាតនៅកម្ពុជា។

ការចុះ MoU នៅថ្ងៃនេះគឺជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលបានចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា (MPWT) និងក្រុមហ៊ុន
YCH Singapore ដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) កាលពីខែមីនា ឆ្នាំ2021កន្លងទៅ។

កិច្ចព្រមព្រៀងក្របខ័ណ្ឌដែលបានអនុម័តនេះជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី នាឱកាសគម្របខួប 55 ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅក្នុងឆ្នាំ2021 ក្រោមអធិបតីភាពពីសំណាក់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ពោលគឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Indranee Rajah (រដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិនៃប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Infrastructure Asia (IA) គឺជាអ្នកសម្របសម្រួលដ៏សំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងក្រុមហ៊ុន YCH ដើម្បីភ្ជាប់ទំនាក់ទំនងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងភាគីពាក់ព័ន្ធដើម្បីបំពេញបន្ថែម និងអភិវឌ្ឍរចនាសម្ព័ន្ធដ៏រឹងមាំនៃមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ក្នុងការជំរុញការអភិវឌ្ឍវិស័យភ័ស្តុភាររបស់ប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃនេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកអគ្គរដ្ឋទូត Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានធ្វើជាសាក្សីក្នុងពិធីនេះ។

កម្ពុជាបានធ្វើការប្រកាសពីចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មអនុតំបន់ក្នុងផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្មពហុគំរូរបស់ខ្លួន។ ចក្ខុវិស័យនៃមជ្ឈមណ្ឌលភ័ស្តុភារកម្មអនុតំបន់នេះមានគោលបំណងយុទ្ធសាស្ត្រចំនួនបី រួមមាន (i) ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ (ii) ធ្វើជាមហាអនុតំបន់ទន្លេមេគង្គ និងធ្វើការកែលម្អការតភ្ជាប់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មពិភពលោក និង (iii) ទាក់ទាញវិនិយោគិនបន្ថែមទៀតឱ្យមកបង្កើតអាជីវកម្ម និងរោងចក្រផលិតកម្មនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) នឹងក្លាយជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយនឹងលំហូរពាណិជ្ជកម្មក្នុងតំបន់កាន់តែទូលំទូលាយថែមទៀត ជាពិសេស នៅក្នុងចំណោមបណ្ដាប្រទេសទន្លេមេគង្គនៅក្នុងតំបន់អាស៊ាន។ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) មានគោលបំណងពង្រឹងជំហររបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលភ័ស្តុភារកម្មថ្នាក់តំបន់ជាមួយនឹងភ័ស្តុភារកម្មដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការជំរុញការសម្រេចគោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ2050។

ក្រោម MoU នេះ ក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group នឹងសហការគ្នាអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ក្រោមវិសាលភាពការងារដែលមានចែងក្នុងកិច្ចព្រមព្រៀង ក្របខ័ណ្ឌ ក៏ដូចជា បង្កើតគំរូអាជីវកម្មផ្សេងៗទៀតផងដែរ។ នៅពេលការអភិវឌ្ឍនេះបញ្ចប់រួចរាល់ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) នឹងលេចចេញជាហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្មឆ្លាតវៃដ៏ទំនើបបំផុត ដោយជាទីតាំងឧស្សាហកម្មនៅជាប់គ្នាដើម្បីបង្កើនសមត្ថភាពភ័ស្តុភារថ្មីនេះ។ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) នេះនឹងមានបំពាក់នូវបច្ចេកវិជ្ជាភ័ស្តុភារថ្មីទំនើបចុងក្រោយបង្អស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើនភាពធន់ និងមុខមាត់ភ័ស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់ ដោយការគ្រប់គ្រងលំហូរសកម្មភាពភ័ស្តុភារ និងច្រវាក់ផ្គត់ផ្គង់សម្រាប់ប្រទេស កម្ពុជា ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលផ្តល់លទ្ធភាពដ៏អស្ចារ្យនៅក្នុងការអភិវឌ្ឍជំនាញផ្នែកភ័ស្ដុភារ និងខ្សែច្រវាក់ផ្គត់ផ្គង់នាពេលអនាគតផងដែរ។

ភាពជាដៃគូនេះ គឺជាការពង្រឹងបន្ថែមនូវអាណត្តិនៃគំនិតផ្ដួចផ្ដើមភ្ជាប់ទំនាក់ទំនងដើម្បីកំណើនឆ្លាតវៃ (SG ConnectTM) របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (អាស៊ាន BAC) ក៏ដូចជា បណ្ដាញភ័ស្តុភារឆ្លាតវៃអាស៊ាន (ASLN)។ ក្នុងនាមជាគម្រោងទី 2 ក្រោមគំនិតផ្តួចផ្តើមទាំងពីរនេះ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) គឺជាគម្រោងសំខាន់មួយក្នុងការពង្រីកទីក្រុងដោយមិនបង្កការឈឺចាប់ និងជំរុញការតភ្ជាប់ទំនាក់ទំនងដោយរលូននៅក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ ប្រទេសកម្ពុជាបានទទួលធ្វើជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ2022 ហើយការប្រកាសនាថ្ងៃនេះគឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់គម្រោងនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ គិតចាប់ពីពេលអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)។ យើងមាន
ក្តីសោមនស្សរីករាយដែលបានមើលឃើញពីវឌ្ឍនភាពដ៏ឆាប់រហ័សនៃគម្រោងនេះដើម្បីជួយពន្លឿន​ការឆ្ពោះទៅសម្រេចគោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសសេដ្ឋកិច្ចមានការប្រកួតប្រជែង ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មអនុតំបន់ ដែលជាផ្នែកមួយនៃផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្មពហុគំរូ”។

លោកបណ្ឌិត Robert Yap ប្រធានប្រតិបត្តិក្រុមហ៊ុន YCH Group  បានមានប្រសាសន៍ថា “ភាពជាដៃគូថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការពង្រឹងបន្ថែម និងអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងផ្នែកភ័ស្តុភារ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងតំបន់អាស៊ាន។ យើងពិតជាមានកិត្តិយសដែលមានការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់ប្រទេសកម្ពុជា តាមរយៈការសាងសង់មជ្ឈមណ្ឌលភ័ស្តុភារកម្មឆ្លាតវៃលំដាប់ថ្នាក់ពិភពលោកដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈសមត្ថភាពរបស់ក្រុមហ៊ុន WorldBridge Group ក្នុងប្រែក្លាយមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ឱ្យមានដំណើរការដោយជោគជ័យ។ យើងរួមគ្នាធ្វើកិច្ចការដើម្បីសម្រេចនូវសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងនេះ ដែលនឹងបង្កើនលំហូរពាណិជ្ជកម្មនៅក្នុងអាស៊ាន
ក៏ដូចជាមកពីតំបន់ផ្សេងៗទៀតមកកាន់កម្ពុជាកាន់តែច្រើនឡើង”។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge បានមានប្រសាសន៍ថា “យើងមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងដោយក្រុមហ៊ុន YCH Group និងដែលបាន
ចូលរួមចំណែកនូវជំនាញរបស់យើងក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)ដែលជាគម្រោងជាតិដែលនឹងមានឥទ្ធិពលវិជ្ជមានមិនអាចកាត់ថ្លៃបានចំពោះសុខភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកកម្ពុជាដែលមានឯកទេសផ្នែកភាពជាដៃគូអន្តរជាតិលើវិស័យចម្រុះនានា យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថាជំនាញរបស់ យើងក្នុងការអភិវឌ្ឍផ្នែកភ័ស្តុភារ និង ឧស្សាហកម្មនឹងក្លាយជាដៃគូដ៏មានតម្លៃចំពោះក្រុមហ៊ុន YCH ហើយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនថែមទៀត”។

លោក Lavan Thiru នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្នុងការបន្តដើរតួនាទីជាតួអង្គជំរុញក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC)។ កិច្ចសហការរវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group គឺជា ជំហានថ្មីទៀតក្នុងការពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់កំណើនសង្គមសេដ្ឋកិច្ច របស់កម្ពុជា និងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌល
ភ័ស្តុភារកម្មថ្នាក់តំបន់៕

spot_img
×