Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក មិនអាចដឹកជញ្ជូនភស្ដុភារគ្រប់គ្រាន់ បើជម្លោះយោធាផ្ទុះឡើងនៅអាស៊ី

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ជឿជាក់ថា យោធារបស់សហរដ្ឋអាមេរិក មិនមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការដឹកជញ្ជូនភស្ដុភារ ចូលទៅក្នុងតំបន់អាស៊ី ប្រសិនបើជម្លោះយោធា ផ្ទុះឡើង នៅក្នុងតំបន់នេះ។

សារព័ត៌មាន Nikkei បានរាយការណ៍ថា ការវាយតម្លៃនេះ បង្ហាញនៅក្នុងឯកសារផែនការកម្មវិធី សម្រាប់ US Pacific Deterrence Initiative (ហៅកាត់ PDI) ដាក់ជូនសភា កាលពីពាក់កណ្តាល ខែមេសា ដោយលើកឡើងថា «ភស្ដុភារ និង សមត្ថភាពដឹកជញ្ជូន សម្រាប់ទ្រទ្រង់ដល់កម្លាំង មិនមានគ្រប់គ្រាន់ នៅក្នុងការគាំទ្រដល់ប្រតិបត្តិការជាពិសេស នៅក្នុងបរិយាកាស មានការប្រឈមមុខដាក់គ្នា»។

បើតាមសេចក្ដីរាយការណ៍នោះ បានអះអាងថា PDI ត្រូវបានកំណត់ កាលពីឆ្នាំកន្លងទៅ ដើម្បីបង្កើនសមត្ថភាព និង ការត្រៀមខ្លួនរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ PDI បែងចែកមូលនិធិ សម្រាប់ការឆ្លើយតបទៅនឹងការបន្តកសាងយោធារបស់ចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា PDI នឹងត្រូវការមូលនិធិ ចំនួន២៧,១ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ដោយចាប់តាំងពីខែតុលា ឆ្នាំ២០២៣តទៅ។ ជាមួយគ្នានេះដែរ មន្ទីរបញ្ចកោណ ក៏បានស្នើឱ្យដាក់មូលនិធិ ចំនួន១,០២ពាន់លានដុល្លារសហរដ្ឋអាមេរិក ចូលទៅក្នុងផ្នែកភស្តុភារ នៅក្នុងអំឡុងពេលប្រាំឆ្នាំនេះផងដែរ។

Nikkei បានរាយការណ៍ទៀតថា នៅក្នុងហេតុការណ៍ជម្លោះយោធា នៅអាស៊ីនោះ សហរដ្ឋអាមេរិក មានសមត្ថភាព នៅក្នុងការស្តុកទុកគ្រាប់រំសេវ ប្រេងឥន្ធនៈ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងអាហារឱ្យបានគ្រប់គ្រាន់ ឆ្ពោះទៅកាន់ទីតាំងទាំងនោះ មុនពេលជម្លោះផ្ទុះឡើង ហើយករណីនេះ មានសារៈសំខាន់ខ្លាំងណាស់។ ដោយឡែក យោធាចិនទំនងជានឹងមិនព្យាយាមប្រឈមមុខជាមួយនឹងងកម្លាំងសហរដ្ឋអាមេរិក ហួសពីប្រជុំកោះទី២ ចេញពីកោះ Ogasawara របស់ប្រទេសជប៉ុន ទៅកាន់ទឹកដីរបស់សហរដ្ឋអាមេរិក នៃកោះហ្គូម (Guam) រហូតទៅកាន់ប្រទេស ប៉ព័រនូវហ្គីណេ (Papua New Guinea) នោះទេ៕រក្សាសិទ្ធិដោយ ៖សារាយSN

×