Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីអង់គ្លេស និង ជប៉ុន ជួបគ្នាផ្ដោតលើកិច្ចការពារជាតិ និង ពាណិជ្ជកម្ម

រាជធានីឡុងដ៍៖ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងជជែកពិភាក្សាជាមួយសមភាគីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ដោយផ្ដោតយ៉ាងសំខាន់ លើកិច្ចសហប្រតិបត្ដិការ អំពីវិស័យការពារជាតិ និង ពាណិជ្ជកម្ម ហើយគេរំពឹងថា មេដឹកនាំទាំង២ នឹងចរចាគ្នា អំពីដាក់សម្ពាធទៅលើក្រុងមូស្គូ ជុំវិញសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានរបស់អូស្រ្ដាលី Canberra Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ថា លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស នឹងជួបសមភាគីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្ដិការ លើកិច្ចការពារជាតិ និង ពាណិជ្ជកម្ម។ នេះជាផ្នែកមួយ នៃគោលនយោបាយក្រោយចក្រភពអង់គ្លេស ត្រូវពឹងផ្អែកយ៉ាងខ្លាំង លើទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងកិច្ចពិភាក្សា រវាងមេដឹកនាំចក្រភពអង់គ្លេស និង ជប៉ុន ត្រូវគេរំពឹងថា នឹងផ្ដោតទៅលើវិធានការនានា ដើម្បីដាក់សម្ពាធទៅលើលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ពាក់ព័ន្ធនឹងសកម្មភាពយោធារបស់ក្រុងមូស្គូ ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន។ នាយករដ្ឋមន្រ្ដីទាំង២ ក៏នឹងឯកភាពគ្នា លើគោលការណ៍ នៃកិច្ចព្រមព្រៀងការពារជាតិ ដែលអនុញ្ញាតឲ្យកម្លាំងយោធារបស់ចក្រភពអង់គ្លេស និង ជប៉ុន អាចប្រតិបត្ដិការរួមគ្នាបាន។

នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក ចនសុន នឹងប្រកាស អំពីកិច្ចព្រមព្រៀង ពឹងផ្អែកគ្នាទៅវិញទៅមក ក្នុង«ភាពជាដៃគូការពារដ៏សំខាន់» ដែលនឹងឃើញកងកម្លាំងប្រដាប់អាវុធអង់គ្លេស និង ជប៉ុន ដាក់ពង្រាយកងទ័ពរួមគ្នា ដើម្បីអនុវត្តនូវការហ្វឹកហ្វឺន សមយុទ្ធនិងសកម្មភាពសង្គ្រោះ នៅក្នុងពេលមានគ្រោះមហន្តរាយ។ ដោយឡែក កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និង ពាណិជ្ជកម្ម នឹងមានកម្រិតខ្ពស់ នៅក្នុងរបៀបវារៈនេះ ខណៈនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ជួបជាមួយមេដឹកនាំជប៉ុន Fumio Kishida ដើម្បីបង្កើននូវទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេស នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ចក្រភពអង់គ្លេស បានចុះកិច្ចព្រមព្រៀងជាច្រើន លើវិស័យការពារជាតិ ជាមួយជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា និង អូស្រ្ដាលី។ នៅក្នុងកិច្ចព្រមព្រៀងផ្សេងៗគ្នា នៅក្នុងចំណោមប្រទេសទាំងនេះ ត្រូវបានគេមើលឃើញថា គ្មានអ្វីក្រៅ តែពីការទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រៅពីនេះ ចក្រភពអង់គ្លេស ក៏បានបញ្ជូនគ្រឿងយុទ្ធោបករណ៍មានតម្លៃរាប់រយលានដុល្លារ ជាបន្ដបន្ទាប់ ទៅជួយដល់ប្រទេសអ៊ុយក្រែន សម្រាប់ទប់ទល់ និង វាយបំបាក់កម្លាំងទាហានរបស់រុស្ស៊ី។

ចាប់តាំងពីចក្រភពអង់គ្លេស បានចាកចេញ ពីសហភាពអឺរ៉ុប នៅក្នុងអំឡុងខែមករា ឆ្នាំ២០២០ មក លោក ចនសុន បានធ្វើសកម្មភាពពង្រីកឥទ្ធិពលប្រទេសរបស់គាត់ នៅក្នុងចំណោមបណ្ដាប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយពណ៌នាថា «ដោយសារការកើនឡើង ជាចំណុចកណ្ដាល នៃភូមិសាស្ត្រនយោបាយរបស់ពិភពលោក»។

ចក្រភពអង់គ្លេស កំពុងតែស្វែងរកទីផ្សារនាំចេញថ្មី ដែលជាផ្នែកមួយ នៃការចាកចេញពីសហភាពអឺរ៉ុប ដែលប្រទេសជិតរបស់ខ្លួន។ ឥឡូវនេះ អង់គ្លេសមានទស្សនៈរបស់ខ្លួន នៅក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្លងតំបន់ប៉ាស៊ីហ្វិក ដែលមានជប៉ុន ជាសមាជិក និង ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ លើការស្នើសុំរបស់អង់គ្លេស៕រក្សាសិទ្ធិដោយ ៖សារាយSN

×