Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមធុរជនអាមេរិក មើលឃើញការអភិវឌ្ឍវិជ្ជមាននៅកម្ពុជា និងសន្យាជំរុញវិនិយោគិនឱ្យកាន់តែច្រើនដើម្បីពង្រីកទំហំពាណិជ្ជកម្ម

spot_img

ភ្នំពេញ ៖តំណាងស្ថានទូតសហរដ្ឋអាមេរិក គឺ លោក Benjamin V. Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុនអាមេរិកជាច្រើនរូប បានសម្ដែងការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងអភិវឌ្ឍប្រទេស ធ្វើឱ្យរីកចម្រើននូវអ្វីៗដូចសព្វថ្ងៃ, ហើយថា ក្រុមធុរជនអាមេរិកទាំងនេះ បានសន្យា ជំរុញឱ្យក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរ ក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ គ្រាដែលលោកបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក -អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សាក្រុមធុរជនអាមេរិកទាំងនេះ អមដោយ លោក Benjamin V. Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន ExxonMobil, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Meta, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Pernod Ricard, និងក្រុមហ៊ុន RMA Group និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញទៅកាន់ធុរជនអាមេរិកថា កម្ពុជាបាននិងកំពុងប្រឹងប្រែង ធ្វើឱ្យមានវឌ្ឍនភាពជាវិជ្ជមាននៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលសម្រេចបាននាពេលថ្មីៗនេះ, គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគត ដែលរួមមាន ៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ ពី ២គន្លងទៅ ៤គន្លង ជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាង, គម្រោងស្ថាបនាផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ, និងការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត, គម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗ លើពិភពលោកចូលចត បាន និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេស ទៅកាន់សហរដ្ឋអាមេរិក រួមទាំងគម្រោងផ្សេងៗជាច្រើនទៀត ។

ដោយមើលឃើញពីភាពវិជ្ជមានទាំងនេះ ក្រុមយុវជនអាមេរិក បានសន្យាជំរុញវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់ច្រើន ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×