Saturday, May 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង ប្រព័ន្ធស្បៀងក្នុងតំបន់ និងការលើកកម្ពស់ការត្រៀមខ្លួនរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ

ភ្នំពេញ ៖ ក្រសួងការបរទសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

ថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន និងផ្លាស់ប្ដូរ ទស្សនៈស្តីពីការវិវត្តនៃបរិបទតំបន់ និងអន្តរជាតិ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា”។ ថ្នាក់ ដឹកនាំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ការពង្រឹងភាពធន់ក្នុងតំបន់ និងការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងកើត មានឡើង ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងសុវត្ថិភាពនិងសុខុមាលភាព របស់ប្រជាពលរដ្ឋអាស៊ាន។
ក្នុងអំឡុងកិច្ចប្រជុំកំពូល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុ ភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកប ដោយស្ថាបនា ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ានគឺកើតចេញពីតួនាទី ជាអន្តរការដែលអាចជឿ ទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគី ដោយយុត្តិធម៌ និងភាពជឿជាក់ នៅក្នុង បរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ឯកភាព និងភាពធន់របស់អាស៊ាន ក្នុងការដោះស្រាយផលប៉ះពាល់ដែលកើតចេញពីស្ថានការណ៍វិវត្តនៅមជ្ឈិមបូព៌ និងបញ្ហាប្រឈមសកលផ្សេងៗទៀត។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិ ខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។

ពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦ ២០៣០ រួមទាំងការពន្លឿនការអនុវត្តច្រកចេញចូលអាស៊ានតែមួយ២.០ ការជំរុញអន្តរប្រតិបត្តិការឌីជីថល ការពន្លឿន ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូខាងក្រៅ រួមមាន កាណាដា និងក្រុមប្រឹក្សាកិច្ច
សហប្រតិបត្តិការឈូងសមុទ្រ (GCC) ព្រមទាំងការឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។

លើបញ្ហាសន្តិសុខ និងភាពធន់ថាមពល សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្តោតសារៈសំខាន់នៃការ ពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសន្តិសុខប្រេងឥន្ធនៈព្រមទាំងការជំរុញ បណ្តាញថាមពលអាស៊ាន (APG) និងបំពង់បង្ហូរឧស្ម័នឆ្លងអាស៊ាន ដើម្បីពង្រឹងភាពធន់ថាមពល និងភាព បត់បែនៃការផ្គត់ផ្គង់ក្នុងតំបន់។
ពាក់ព័ន្ធនឹងសន្តិសុខស្បៀង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង ប្រព័ន្ធស្បៀងក្នុងតំបន់ និងការលើកកម្ពស់ការត្រៀមខ្លួនរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការតំបន់ដែលមានស្រាប់ រួមមានយន្តការអាស៊ានបូកបីស្តីពី ការបម្រុងទុកស្រូវអង្ករក្នុងគ្រាអាសន្ន (APTERR) និងប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន។ សម្តេចធិបតី ក៏បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានអតិរេកស្បៀង ក្នុងការចូលរួម
ចំណែកប្រកបដោយអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់លើសន្តិសុខស្បៀង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកើតចេញពី ភាពតានតឹងនៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែល រងផលប៉ះពាល់។ សម្តេចធិបតី បានបង្ហាញភាពរីករាយ ដោយបានឃើញប្រទេសសមាជិកអាស៊ានជួយគ្នាទៅ វិញទៅមកស្របតាម សេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ណែនាំស្តីពីកិច្ចសហប្រតិបត្តិការកុងស៊ុលដោយ
ស្ថានបេសកកម្មរបស់ប្រទេសសមាជិកអាស៊ាននៅប្រទេសទីបីជូនដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ាន ដទៃទៀត និងគោលការណ៍ណែនាំស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយស្ថានបេសកកម្មអាស៊ាននៅប្រទេស
ទីបីជូនដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានក្នុងគ្រាអាសន្ន។

ថ្នាក់ដឹកនាំអាស៊ានបានអនុម័ត (១) ពិធីសារសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តី ថ្លែងការណ៍អាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ (៣) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការ ឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា (៤) សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការផ្តល់អំណាចដល់យុវជនក្នុង សកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ និង (៥) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការបង្រួបបង្រួមអាស៊ានលើការឆ្លើយតបគ្រោះមហន្តរាយ៖ ពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់ការផ្លាស់ ប្តូរក្នុងគ្រាអាសន្ន និងគ្រប់ជ្រុងជ្រោយ (ASPECT)។

ក្នុងសម័យប្រជុំចង្អៀត ថ្នាក់ដឹកនាំក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមមាន សមត្ថភាព អាស៊ាន ក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេង និងការប្រែប្រួលតម្លៃ ដែលកើតឡើង ពីស្ថានភាពតានតឹងភូមិសាស្ត្រនយោបាយ មេរៀនដែលទទួលបានពីវិបត្តិភូមិសាស្ត្រនយោបាយថ្មីៗ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×