Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្មបទាំងអស់ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ឆ្មបទាំងអស់បាន ចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្តល់ សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានា នៅលើពិភពលោក កំពុងទទួលរងនូវជំងឺរាតត្បាតជំងឺកូវីដ-១៩។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានអបអរសាទរទិវាឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋមសំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល»សណ្ឋាគារភ្នំពេញ ដែលបានរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសមាគមឆ្មបកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់រាជរដ្ឋាភិបាល មន្ត្រីសុខាភិបាល អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មដើម្បីសម្រេចបាន លទ្ធផលដ៏ល្អវិសេសវិសាលមួយនេះ ជាពិសេសថ្លែងអំណរគុណជាពន្លឹកដល់ឆ្មបទាំងអស់ ទាំងនៅទីនេះក្តី ទាំងឆ្មបកំពុងតាមដានតាមកម្មវិធី ZOOM ក្ដី ដែលបាន ចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្តល់ សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក នៅក្នុងស្ថានភាពដែល ប្រទេសកម្ពុជាក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងទទួលរងនូវជំងឺរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រី្ដ សូមគាំទ្រទាំងស្រុងនូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យស្មារតីប្រយុទ្ធដ៏ខ្លាំងក្លាស្ថិតនៅជារៀងរហូត ជាមួយឆ្មបកម្ពុជា និងសូមឱ្យឆ្មបទាំង អស់បន្តអនុវត្តការងារ ៖ ១) ផ្តល់ប្រឹក្សា អប់រំ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការ ជំងឺឆ្លង ជាពិសេសជំងឺឆ្លងពីម្ដាយទៅកូន។ ២) ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលវេលានូវផល វិបាកនានា។ ៣) ផ្តល់សេវាថែទាំក្នុងពេលឈឺពោះ សម្រាលកូន និងការថែទាំក្រោសម្រាល។ ៤) ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀតដែលពាក់ព័ន្ធនឹងការងារឆ្មប។

ឯកឧត្តមរដ្ឋមន្រ្ដី បានគាំទ្របន្តលើអន្តរាគមន៍គន្លឹះផ្នែកការងារឆ្មបបន្ថែមលើការ វិនិយោគ លើការបង្កើនចំនួនឆ្មបជំនាញឱ្យបានសមស្រប ទៅនឹងតម្រូវការធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដាក់បញ្ចូលក្របខណ្ឌបែងចែកឱ្យបំពេញការងារ នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ និងវិនិយោគលើការបណ្តុះបណ្តាល ការបង្វឹកជំនាញបន្ថែម និងការបណ្ដុះបណ្ដាលក្រោយមូលដ្ឋានថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី​

×