ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ចាប់បានភ្លាមៗ និងស្វាគមន៍ម្នាក់មួយដៃមួយជើង យ៉ាងចាស់ដៃ ស្ទើរតែដង្ហើមចង្រិត ក្រោយពេលធ្វើសកម្មឆ.ក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុងខាងក្រោយបុរីអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ មានគ្នាចំនួន៣នាក់ជិះម៉ូតូ២គ្រឿង បាននាំគ្នាជិះឆ្វែលចុះឆ្វែលឡើង បន្ទាប់មកក៏បានជិះមកក្បែរជនរងគ្រោះ ហើយឆ.ក់យកទូរស័ព្ទបម្រុងជិះគេចខ្លួន ខណ:ផ្លូវស្ទះចរាចរណ៍ ទើបជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក និច ពណ៌ក្រហមលាយខ្មៅពាក់ផ្លាកលេខភ្នំពេញ1FX-2644 បានបុ.កជាមួយរថយន្តមួយគ្រឿងទៀត និងជ្រុលទៅបុ.កទ្វារសាលាអង្គការភាពញញឹម ហើយជនសង្ស័យស្ទុះក្រោករត់ រហូតដល់ចំណុចព្រំប្រទល់ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាដេញស្ទាក់ចាប់បាន ជនសង្ស័យម្នាក់ ហើយស្វាគមន៍យ៉ាងចាស់ដៃ ចំណែកជនសង្ស័យ២នាក់ផ្សេងទៀត បានជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែក្អម បានចុះមកនាំខ្លួនជនសង្ស័យ យកទៅធ្វើការសាកសួរ និងស្រាវជ្រាវរកជនរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម







