Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិក មិនញញើតរុស្ស៊ី លើកទឹកចិត្តឲ្យផលិតមីស៊ីល ជួយដល់អ៊ុយក្រែន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលជំរុញដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ឲ្យអនុម័តនូវសំណើកញ្ចប់ជំនួយថ្មី មានទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ ឲ្យបានឆាប់ សម្រាប់ការទិញគ្រឿងចម្បាំង ជួយដល់ប្រទេសអ៊ុយក្រែន នោះមក ប្រធានាធិបតី ចូ បៃដិន បានទៅបំពេញទស្សនកិច្ច នៅក្នុងរោងចក្រផលិតមីស៊ីល ប្រឆាំងនឹងរថក្រោះ ហើយបានលើកទឹកចិត្តដល់បុគ្គលិក ឲ្យផលិត ឲ្យបានច្រើន សម្រាប់បំពេញតាមតម្រូវការរបស់ក្រុងគៀវ យកទៅបង្ក្រាបកម្លាំងទាហានរបស់លោក ពូទីន។

សារព័ត៌មាន VOA ជាភាសាអង់គ្លេស បានផ្សាយថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៣ ខែឧសភា បានទៅបំពេញទស្សនកិច្ច នៅក្នុងរោងចក្រផលិតមីស៊ីល ប្រឆាំងនឹងរថក្រោះ និង យន្ដហោះចម្បាំង។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានកោតសរសើរ ដល់អ្នកធ្វើការ ដែលកំពុងផលិតមីស៊ីលប្រឆាំងនឹងរថក្រោះ សម្រាប់ការដឹកបញ្ជូនយកទៅជួយដល់កងទ័ពអ៊ុយក្រែន ហើយនិយាយថា បុគ្គលិកទាំងអស់ កំពុងតែផលិតមីស៊ីល សម្រាប់ជួយដល់ពលរដ្ឋអ៊ុយក្រែន ឲ្យមានលទ្ធភាព ការពារខ្លួនរបស់ពួកគេ»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ដោយ«និយាយត្រង់ៗថា ប្រជាជនអ៊ុយក្រែន បានធ្វើឲ្យយោធារុស្ស៊ី វង្វេងនៅក្នុងករណីជាច្រើន។ ចំណែក… អាវុធដែលផលិត ដោយដៃរបស់អ្នកទាំងអស់គ្នា នឹងស្ថិតនៅក្នុងដៃរបស់វីរបុរសអ៊ុយក្រែន ហើយលោកសូមអរគុណ ចំពោះអ្វីដែលអ្នកកំពុងតែធ្វើ»។ លោក បៃដិន បានកោតសរសើរ ដល់បុគ្គលិក ចំនួន២៦៥នាក់ នៅក្នុងរោងចក្រផលិតគ្រឿងសព្វាវុធដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូង ទីក្រុង Troy រដ្ឋ Alabama សហរដ្ឋអាមេរិក។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យព្រឹទ្ធសភា អនុម័តឲ្យបានលឿនបំផុត ចំពោះសំណើកញ្ចប់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ សំណើកញ្ចប់ជំនួយថ្មីនេះ ក៏នឹងផ្ដោតទៅលើជំនួយយោធា និងសេដ្ឋកិច្ចរបស់ក្រុងគៀវ ក្រោយពេលព្រឹទ្ធសភា បានអនុម័តនូវទំហំទឹកប្រាក់ ១៣,៦ពាន់លាននាពេលកន្លងមក ហើយបាន និង កំពុងតែចំណាយទិញគ្រឿងចម្បាំង ជួយដល់អ៊ុយក្រែន។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន វា.យលុក ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែក្រោយពេលកងទ័ពរុស្ស៊ី បានចូលលុកលុយ នៅក្នុងប្រទេសនេះ មិនបានប៉ុន្មានថ្ងៃផង លោក ពូទីន ថែមទាំង បានបញ្ជាឲ្យកម្លាំងនុយក្លេអ៊ែរ ស្ថិតក្នុងការប្រុងជើងការខ្ពស់។ សកម្មភាពរបស់លោក ពូទីន គឺជាការគំរាមកំហែងដល់បណ្ដាប្រទេសណា ដែលហ៊ានលូកដៃ ជួយដល់ប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី មិនបានធ្វើឲ្យមហាអំណាចបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សម្ពន្ធមិត្ត ភ័យខ្លាចនោះឡើយ។ លើសពីនេះទៅទៀត បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ថែមទាំងបានផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕រក្សាសិទ្ធិដោយ ៖ សារាយSN

×