ខេត្តកំពង់ឆ្នាំង៖ រថយន្តយីឌុប ឃ្លុបកុងទឺន័រ២គ្រឿង ដឹកប្រភេទប្រហិតពីប្រទេសថៃឆ្លងមកកម្ពុជាតាមច្រក អូររំដួល ឋិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ នៃក្រសួងមហាផ្ទៃបង្ក្រាបឃាត់ កាលពីម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុង-ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីធ្វើកំណត់ហេតុស្តាប់ចម្លើយអ្នកបើកបរ២រូប ទី១-ឈ្មោះ សេង ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ នេត សូរិយ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ពួកគាត់បានអោយដឹង៖ ពួកគាត់ជាអ្នកស៊ី ឈ្នួលបើកបរ យកកម្រៃកម្លាំងពលកម្មមួយជើង ពី១៥ម៉ឺនរៀល ទៅ២២ម៉ឺនរៀល បូកជាមួយសារហ៊ុយបាយទឹក និងបញ្ជាក់ថាដឹកសាច់ប្រហិតទាំងនេះពីទឹកដីថៃ ពិសេសគ្មានលិខិតអនុញ្ញាតិ ទើបនៅរសៀល ថ្ងៃខែឆ្នាំដដែល ក៏បន្តនីតិវិធីបង្កើតគណៈកម្មការចម្រុះរួមខាងកម្លាំងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ និងមានហានិភ័យ ខាងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខាងកាំកុងត្រូវ ពេទ្យសត្វ និងសម្របសម្រួលការងារដោយ លោកតំណាងអយ្យការសាលាដំបូងខេត្ត ក៏បានរៀបចំព្រួតពិនិត្យរួមគ្នានៅក្នុងបរិវេនមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត។
រថយន្តយីឌុបទាំងពីរគ្រឿង មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស កន្ទុយកុងទឺន័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-6113 និងមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ប្រផេះ កន្ទុយពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3D-4087។
បើតាមការបញ្ជាក់អោយដឹងពីអ្នកបើកបរ អះអាងថា៖ ប្រហិតទាំងនេះបានយកទៅស្តុកទុកនៅម្តុំផ្លូវ៥៩៨ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្តចែកចាយតាមបណ្តាផ្សារនៅរាជធានីភ្នំពេញ និងផ្សារទំនើបៗដូចជា ផ្សារអ៊ីអន ផ្សារឡាក់គី។ល។
ករណីដឹកប្រហិតគ្មានលិខិតអនុញ្ញាតិនេះ ងាយនិងបង្កហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ខណះនាំចូលពីច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយគ្មានការត្រួតពិនិត្យពីជំនាញ ប្រចាំច្រកនេះជាដើម៕ ដោយ៖កូឡាប