ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកកាមរីហាយព្រីតមួយគ្រឿង ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុ.កកង់បីយ៉ាងពេញទំហឹង បណ្ដាលឲ្យកង់បីក្រឡាប់ផ្ងារជើង និងរងរបួសនារីម្នាក់ធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើកកង់បីមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1HS-6454 បានឌុបភ្ញៀវជានារីម្នាក់ អង្គុយពីក្រោយ ជិះតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យមលុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BK-1243 បើកបរតាមបណ្ដោយផ្លូវបេតុងទិសដៅបញ្ច្រាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុ.កកង់បីយ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើង និងរងរបួសនារីម្នាក់ជាភ្ញៀវ អង្គុយពីក្រោយធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដោយឡែកបុរសជាអ្នកបើករថយន្តបង្ក ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ច ឃាត់ឱ្យនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។
បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងកង់បីរងគ្រោះ យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត






