ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿន ឆ្លងស្តុបមិនប្រយ័ត្នជ្រុល ទៅបុ.ករថយន្តBMW បើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំ យ៉ាងពេញទំហឹង ប៉ើងទៅបុ.កនឹងកង់បីមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ចំណុចនៅនឹងស្តុប បេការសេ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកBMW ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AO-1944 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុនៅនឹងស្តុប បេការសេមិនបង្អង់ ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ពណ៌សពាកផ្លាកលេខ ភ្នំពេញ2BE-9400 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ដល់ស្តុបមិនបង្អង់ ក៏ជ្រុលទៅបុ.ករថយន្តBMW ចំពាក់កណ្តាលទ្វារខាងស្តាំ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តBMW ប៉ើងទៅបុ.កនឹងកង់បីមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ 1HZ-6307 កំពុងតែឈប់រងចាំស្តុប និងរងរបួសមនុស្ស២នាក់ធ្ងន់ នៅក្នុងកង់បីត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុខាងលើ ដោយភាគីម្ចាស់រថយន្តBMW បានសងសំណងទៅលើកង់បីបញ្ចប់រឿង ចំណែកឯរថយន្យស៊េរីទំនើបមួយគ្រឿងទៀត ដោះស្រាយមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត










