ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកJeepមួយគ្រឿង ក្នុងល្បឿនដូចហោះ ក៏ជ្រុលឆ្លងផ្លូវទៅបុ.ករថយន្តតូយូតាព្រូស ចំពាក់កណ្តាលទ្វារខាងឆ្វេងយ៉ាងពេញទំហឹង ប៉ើងទៅផ្ទប់នឹងបង្គោលភ្លើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧០ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AS-6331 បើកបរតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុកែងនឹងផ្លូវ១៦៩ច្រកចូលបឹង ស្រាប់តែគេឃើញមានបុរសម្នាក់ បើករថយន្តម៉ាកJeep ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BP-3616 បើកបរតាមបណ្ដោយផ្លូវ១៦៩ចេញពីបឹងកក់ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនក៏ហោះ ឆ្លងផ្លូវទៅបុករថយន្តតូយូតាព្រូស ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង បណ្តាលឲ្យប៉ើងទៅផ្ទប់បង្គោលភ្លើង រងការខូចខាតធ្ងន់ធ្ងរចំណែករថយន្តបង្កម៉ាកJeepវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំង២ សម្រួលគ្នាមិនត្រូវ ក៏មត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



