រាជធានីក្រុងឡុងដ៍៖ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល៧៥ថ្ងៃកន្លងមកហើយ នៅតែមិនមានសញ្ញាចរចាសន្ដិភាពជាក់លាក់ ហើយការវាយប្រយុទ្ធគ្នាកាន់តែមានភាពសាហាវឡើង ទើបចក្រភពអង់គ្លេស បានបន្ដផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ច្រើនជាងមុន។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ថា ចាប់តាំងពីសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ នោះមក ចក្រភពអង់គ្លេស បានផ្ដល់ជំនួយយោធាជាច្រើន ជួយដល់រដ្ឋាភិបាលក្រុងកៀវ ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ក្រុងមូស្គូ។ ជំនួយគ្រឿងសឹករបស់ចក្រភពអង់គ្លេស នាពេលកន្លងមក រួមមាន មីស៊ីលប្រឆាំងនឹងរថក្រោះ មីស៊ីលប្រឆាំងនឹងយន្ដហោះ និង មីស៊ីលប្រឆាំងនឹងនាវាចម្បាំង។

រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានសន្យាផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់១,៦ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន សម្រាប់ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ មូលនិធិនេះជាទុនបម្រុងគ្រាអាសន្នរបស់រតនាគារ ត្រូវបានបែងចែក ដោយប្រធានរតនាគារជាតិអង់គ្លេស លោក រីស៊ី ស៊ូនែក (Rishi Sunak)។ ជំនួយទាំងនេះ បានត្រួតពិនិត្យ ដោយលោក បែន វ៉ាល់ឡែស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្ដីក្រសួងការបរទេស ចក្រភពអង់គ្លេស។ ក្រៅពីនេះ ចក្រភពអង់គ្លេស ក៏បានជួយម៉ាស៊ីនភ្លើងចល័ត ចំនួន២៨៧គ្រឿង ដល់អ៊ុយក្រែន សម្រាប់បម្រើការងារដល់មជ្ឈមណ្ឌលសង្គ្រោះ មន្ទីរពេទ្យ បង្គោលអង់តែនទូរស័ព្ទ និង ស្ថានីយបូមទឹក។
លោក ខ្វាស៊ី ខ្វាថែង (Kwasi Kwarteng) រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ថាមពលចក្រភពអង់គ្លេស បានបញ្ជាក់ថា អំពើឃោរឃៅរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កំពុងតែបន្ដកើនឡើង។ ដូច្នេះ អង់គ្លេស និង សម្ពន្ធមិត្ត ត្រូវតែបង្កើននូវកិច្ចគាំទ្រយ៉ាងខ្លាំង ជួយដល់ប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងពេលមានតម្រូវការចាំបាច់។
លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមធ្វីតធើរ ថា «យើងមានសារមួយសម្រាប់អ្នក អ៊ុយក្រែននឹងឈ្នះ ហើយអ៊ុយក្រែន នឹងមានសេរីភាព»។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានថ្លែងសុន្ទរកថា ទៅកាន់សភារបស់អ៊ុយក្រែន តាមរយៈសន្និសីទវីដេអូ ដោយសន្យាគាំទ្រជំនួយយោធាបន្ថែមទៀត សម្រាប់អ៊ុយក្រែន។

លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានបញ្ជាក់ថា «ការវាយប្រហារដ៏ឃោរឃៅរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី មិនត្រឹមតែបង្កឱ្យមានការបំផ្លិចបំផ្លាញ ដែលមិនអាចប៉ាន់ប្រមាណដឹង នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែសង្គ្រាមនេះ ក៏កំពុងតែគំរាមកំហែងដល់សន្តិភាព និង សន្តិសុខ នៅទូទាំងទ្វីបអឺរ៉ុប ថែមទៀតផង។ ចក្រភពអង់គ្លេស ជាប្រទេសដំបូងគេ ដែលទទួលស្គាល់ទំហំនៃការគំរាមកំហែង និង បញ្ជូនអាវុធជាបន្ដបន្ទាប់ ជួយដល់ប្រជាជនអ៊ុយក្រែន សម្រាប់ការពារខ្លួន។ យើងនឹងឈរលើកិច្ចខិតខំទាំងនេះ ដោយធ្វើការជាមួយសម្ពន្ធមិត្តរបស់យើង ដើម្បីធានាថា អ៊ុយក្រែន អាចបន្តរុញច្រាននូវការឈ្លានពានរបស់រុស្ស៊ី ហើយរស់នៅជាប្រទេសសេរី និង ប្រជាធិបតេយ្យ»។
នាយករដ្ឋមន្ត្រីចក្រអង់គ្លេស ស្ថិតក្នុងចំណោមមេដឹកនាំបស្ចិមលោក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីវាយតបតនឹងកងទ័ពរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ អង់គ្លេស បានបញ្ជូនមីស៊ីលប្រឆាំងនឹងរថក្រោះ ប្រព័ន្ធការពារដែនអាកាស និង គ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន ជួយដល់ក្រុងកៀវ។
ជាមួយគ្នានេះដែរ ក្រុមមេដឹកនាំ នៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅ G7 រួមមាន អង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន និង សហរដ្ឋអាមេរិក គ្រោងនឹងបើកកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា មុនថ្ងៃ រុស្ស៉ី ប្រារព្ធទិវាជ័យជម្នះ លើរបបណាហ្ស៊ី អាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២ នាថ្ងៃចន្ទ ទី៩ ខែឧសភា៕រក្សាសិទ្ធិដោយ ៖ សារាយSN











