ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម តម្កល់ទោស បុរសជនជាប់ចោទ ជាតិស្បែកខ្មៅចំនួន ២ នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ជាង១គីឡូកន្លះ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០។
យោងតាមដីកា របស់តុលាការដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទ២នាក់ មានឈ្មោះ មាន៖ ១-ឈ្មោះ Odadimma Ingwlinus ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិហ្គាណា ។ ២-ឈ្មោះ Cotel Adul ភេទ ប្រុស ៣៩ ឆ្នាំ ជនជាតិ ហ្កាណា។

ពួកគេទាំង២នាក់ ត្រូវបានជាប់ចោទពីបទ: ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។
ពួកគេ២នាក់ ត្រូវ បានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបាន តុលាការ សម្រេចឃុំខ្លួននៅថ្ងៃទី ១១តុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការ « រក្សាទុកដឹកជញ្ជូន និងជួញដូរសារធាតុញៀន»។
ពួកគេ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២១ ផ្ដន្ទាទោសដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៣០ឆ្នាំ ប៉ុន្តែសាលក្រម កំបាំង មុខ នេះត្រូវបានជនជាប់ចោទឈ្មោះ Coteh Adul ប្ដឹងទាស់ ។
សេចក្ដីសម្រេចនេះ បើកផ្លូវឱ្យជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


