ភ្នំពេញ៖ ទិន្នន័យការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងសហរដ្ឋអាមេរិក (គិតលើទំនិញ) នៅឆ្នាំ ២០២១ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ៣៧៩ ពាន់លានដុល្លារ បានកើនឡើង ២៣,៤៦% បើធៀបនឹងឆ្នាំ ២០២០។
ដោយឡែកការនាំចេញទំនិញរបស់អាស៊ានទៅសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់ប្រមាណ ២៨៥ពាន់លានដុល្លារ បានកើនឡើង ២៣,៦១% ខណៈការចេញរបស់អាមេរិកមកអាស៊ានមានតម្លៃសរុបប្រមាណ ៩៣,៨៤ពាន់លានដុល្លារ បានកើនឡើង ២២,៩៧% បើធៀបនឹងឆ្នាំ ២០២០។
សហរដ្ឋអាមេរិក គឺជាប្រភពវិនិយោគបរទេសធំបំផុតទាំង ៣នៅអាស៊ាន រួមមានសហភាពអឺរ៉ុប អាមេរិក និងជប៉ុន ខណៈចិនឈរនៅលំដាប់ទី ៤។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
ការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញផ្សាយទិន្នន័យថា កម្ពុជា នាំចេញមុខទំនិញទៅកាន់ទីផ្សារអាមេរិក នៅត្រីមាសទី១ ឆ្នាំនេះ បានកើនឡើងជាង ៥០ភាគរយ។ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅកាន់សហរដ្ឋអាមេរិក នៅត្រីមាសទី ១ឆ្នាំ ២០២២នេះ បានកើនឡើង ៥០,៦៧ភាគរយ ដល់ ២.៨០៧លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្ន័យដែលបានបង្ហាញទៀតថា ការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិកមកវិញ នៅចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ មានតម្លៃទឹកប្រាក់សរុបចំនួន ១០៩,៥លានដុល្លារ បានកើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការដោះដូរទំទំនិញវាងអាស៊ាន និងអាមេរិក ឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុប ៣៧៩ពាន់លានដុល្លារ កើនឡើងជាង ២៣%
ការវិនិយោគរបស់អាមេរិកនៅអាស៊ាន មានតម្លៃ ៣២៨,៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ (ភាគហ៊ុន) ភាគច្រើនទៅលើការផលិត និងការលក់ដុំ កើនឡើងជាង ៣%៕