Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតសមាជិកនៃចលនាខ្មែររំដោះខ្មែរ ៤នាក់ ត្រូវបានតុលាការកំពូល តម្កល់ទោស ជាប់គុកក្នុងម្នាក់ៗ ពី៦ ទៅ ៧ ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ

ភ្នំពេញ ៖ អតីសសមាជិកនៃចលនាខ្មែររំដោះខ្មែរ ចំនួន៤នាក់ កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការកំពូល សម្រេចតម្កល់ទោស ជាប់គុក ក្នុងម្នាក់ៗ កំណត់ ពី៦ ទៅ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តពីឆ្នាំ ២០១៧ រហូត ២០១៩ នៅក្នុងដែនដីនៃ ព្រះរាជាណាចក្រកម្ពុជា។

យោងតាមដីកាតុលាការកំពូលបានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានទណ្ឌិត ចំនួន៦ នាក់ រួមមាន: ទី១-ឈ្មោះ សុខ ភីរម្យ ភេទប្រុស អាយុ ៥៨ ឆ្នាំ, ទី២-ឈ្មោះ សូ ងួន ភេទប្រុស អាយុ ៥៧ ឆ្នាំ , ទី៣-ឈ្មោះអ៊ុក រីម ភេទប្រុស អាយុ ៣៨ ឆ្នាំ, ទី៤- ឈ្មោះ ចាន់ សារ៉ាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ, ទី៥ -ឈ្មោះ ហេង រ៉ាន់ ភេទប្រុស អាយុ ៥៥ ឆ្នាំ, និងទី៦-ឈ្មោះ អេក អមរី ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវជាចៅស្រី របស់ឈ្មោះ សុខ ភីរម្យ។

នៅក្នុងចំណោមទណ្ឌិតទាំង៦នាក់នេះ ទណ្ឌិតឈ្មោះ អ៊ុក រីម, ឈ្មោះ ចាន់ សារ៉ាន់ និង ឈ្មោះ ហេង រ៉ាន់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ បានផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ក្នុងម្នាក់ៗ ។ រីឯទណ្ឌិតឈ្មោះ អេក អមរី ត្រូវជាប់គុកកំណត់ ៦ ឆ្នាំ។ រីឯទណ្ឌិត ឈ្មោះ សុខ ភីរម្យ និងឈ្មោះ សូ ងួន ដែលជាមេខ្លោង ក៏ត្រូវបានតុលាការកាត់ទោសកំបាំងមុខ និងដាក់គុកក្នុងម្នាក់ៗ កំណត់ ៩ ឆ្នាំ ព្រមទាំងចេញដីកា បង្គាប់ឱ្យស្វែងរកចាប់ខ្លួនផងដែរ។

ពួកគេបានប្តឹងឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍បានសម្រេចតម្កល់ទោស របស់ពួកគេដដែល។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់ តុលាការកំពូលទៀត។ ទណ្ឌិតទាំង៦នាក់ ត្រូវបានជាប់ចោទប្រកាន់ពីបទ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។

ក្នុងចំណោមទណ្ឌិតទាំង៦នាក់នេះ, ទណ្ឌិត ឈ្មោះ អ៊ុក រីម, ចាន់ សារ៉ាន់, ហេង រ៉ាន់ និង ឈ្មោះ អេក អមរី ត្រូវបានចាប់ឃាត់ខ្លួន នៅទីតាំងផ្សេងៗគ្នា កាលពីអំឡុងខែមេសា ឆ្នាំ ២០១៨ នៅក្នុងប្រទេសកម្ពុជា។

ក៏ប៉ុន្តែទណ្ឌិតឈ្មោះ សុខ ភីរម្យ និង សូ ងួន បានរត់គេចខ្លួន និងសព្វថ្ងៃនេះ កំពុងតែនៅសហរដ្ឋអាមេរិក យ៉ាងមានសេរីភាព៕ រក្សាសិទ្ធិដោយ : ចន្ទា ភា

×