ភ្នំពេញ : សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ) និងដកហូតកាំ.បិតប៉័ង.តោចំនួន២ដើម កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី ត្រង់ចំណុចបុរីភ្នំពេញសុខសាន្ត ផ្ទះK១៩ ផ្លូវ BT១ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងន លន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបុរីភ្នំពេញសុខសាន្ត ផ្ទះលេខK១៩ ផ្លូវ BT១ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ចំរើន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសហគមន៍ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ កាំបិងប៉័ងតោចំនួន០២ ។

សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុជនរងគ្រោះ កំពុងតែរៀបចំពិធីអាពាហ៍ពិពាហ៍កូននៅចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យប្រដាប់ដោយកាំ.បិតប៉័ង.តោចំនួន០២ បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ដែលកំពុងតែរៀបចំពិធីមង្គលការ ប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ ពេលឃើញដូចនេះជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង កាំបិតប៉័ងតោចំនួន០២ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០២នាក់ទៀត ទី០១ឈ្មោះ ណាង ភេទប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ ស្នា ភេទប្រុស អាយុ២៣ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ មិនស្គាល់ផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន ពិតជាបានមកធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ ជនរងគ្រោះប្រាកដមែន ប៉ុន្តែជនរងគ្រោះពុំបានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ និងបក្ខពួកទេ ដោយសារជនរងគ្រោះមានការរវល់រៀបចំពិធីមង្គលការកូនស្រី តែសំណូមពរឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យ និងបក្ខពួកទៅតាមផ្លូវច្បាប់ ហើយដោយមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចយើង ចាត់ការតាមផ្លូវច្បាប់តែម្តង ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

