Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ និងត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅតាមមូលដ្ឋាន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចួលរួមផងដែរពី លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យពេញមួយឆ្នាំ២០២៥ កន្លងទៅ បើទោះជាក្នុងកាលៈទេសៈដែលប្រទេសជាតិបានជួបការឈ្លានពាន ហើយពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានគូសបញ្ជាក់នៅក្នុងអង្គសន្និបាត និងបានផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដើម្បីជាវិភាគទានក្នុងការកំណត់ទិសដៅការងារ ឆ្នាំ២០២៦ រួមានដូចតទៅ៖ (១)ការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, (២)ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, (៣)ការគ្រប់គ្រងរដ្ឋបាលដែនដី, (៤)ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, (៥)ការអភិវឌ្ឍមូលដ្ឋាន, និង (៦)ការពង្រឹងរបៀបរបបការងារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លេីយតបទៅនឹងសំណូមពររបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លេីការងារពាក់ព័ន្ធនឹងការវិនិយោគឯកជន ដោយបានរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដេីម្បីសម្រួលការធ្វេីនីតិវិធី គឺប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ (ប្រព័ន្ធ cdcIPM) សម្រាប់ដំណេីរការនីតិវិធីចុះបញ្ជីវិនិយោគ ដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ព្រមទាំង គ្រោងនឹងចាត់មន្ត្រីជំនាញដេីម្បីចុះបណ្តុះបណ្តាលពីនីតិវិធីចុះបញ្ជី ឱ្យបានត្រឹមត្រូវ និងការប្រេីប្រាស់ប្រព័ន្ធនេះ ឱ្យមានប្រសិទ្ធភាព នៅថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ និងត្រូវមានភាពបុរេសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅតាមមូលដ្ឋាន និងបានសង្កត់ធ្ងន់ថា ជោគជ័យនៃទិសដៅការងារឆ្នាំ២០២៦ អាស្រ័យលើ “សាមគ្គីភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវខ្ពស់” របស់មន្ត្រីគ្រប់រូប។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រដ្ឋបាលរាជធានីភ្នំពេញនឹងសម្រេចបាននូវទិសដៅការងារឆ្នាំ២០២៦ បង្កើតជាសមិទ្ធផលថ្មីៗថែមទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×